អ្នកភូមិប្រទះឃើញសពអណ្ដែតទឹកមិនស្គាល់អត្តសញ្ញាណនៅស្រុកសៀមបូក

ខេត្តស្ទឹងត្រែង:អ្នកភូមិប្រទះឃើញសាកសពអណ្តែតទឹកមកទើរនៅចំណុចកន្ទុយកោះខ្សាច់លោកគ្រូស្ថិតក្នុងភូមិ/ឃុំកោះព្រះ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាសពស្លៀកខោពណ៌ខ្មៅជើងវែងរឹបកជើងខ្សែក្រវ៉ាត់ពណ៌ខ្មៅ លីអូពណ៌ស អាវដៃវែងពណ៌ផ្ទៃមេឃ។នៅក្នុងហោប៉ៅខោយើងបានពិនិត្យឃើញកាបូបពណ៌ខ្មៅមួយនៅក្នុងកាបូបមាននាមប័ណ្ណចំនួនពីរសន្លឹក។
សន្លឹកទី១ឈ្មោះ ពូ អូន ដឹកអ្នកដំណើរពីស្ទឹងត្រែងទៅព្រះវិហារនិងពីកំពង់ធំទៅរតនគីរី។
សន្លឹកទី២ឈ្មោះ លី មីញ រត់ឈ្នួលកង់បី។និងលុយចំនួន ១៥៥០០រៀលក្នុងនោះមានក្រដាសមួយម៉ឺនរៀលមួយសន្លឹកក្រដាសប្រាំពាន់រៀលមួយសន្លឹកនិងក្រដាស ៥០០ រៀលមួយសន្លឹក។នៅលើខ្លួនសាកសពមានសាក់ជាអក្សរឡាតាំងចំនួន ៣ តួ TSTនៅត្រង់ចំណុចឆ្អឹងជំនីខាងឆ្វេង។សាកសពភេទប្រុស កម្ពស់ប្រហែលមួយម៉ែត្រ ៦០សង់ទីម៉ែត្រ សាកសព មិនស្គាល់អត្តសញ្ញាណទេ។មានអាយុប្រហែល៣០ទៅ៣៥ឆ្នាំ ។
ករណីខាងលើនេះបានការអនុញ្ញាតពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង។សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំកោះព្រះ រួចក៏បានកប់ទុកនៅចំណុចកោះខ្សាច់លោកគ្រូខាងលិចក្បាលកោះព្រះ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានក្រោយពីត្រួតពិនិត្យសាកសព កម្លាំងជំនាញ និងលោកគ្រូពេទ្យ បានសន្និដ្ឋានថាសពស្លាប់ដោយសារលង់ទឹក ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោកបានអនុញ្ញាតឲ្យកប់សាកសពនៅចំនុចកោះខ្សាច់លោកគ្រូនៅវេលាល្ងាចថ្ងៃទី៨ ខែមិថុនា៕