ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

0

ដោយ នាគ សមុទ្រ
ខេត្តព្រះសីហនុ៖ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការ (គណៈកម្មការទី៩) នៃរដ្ឋសភា ឯកឧត្ដមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន.លោក គួច ចំរើនអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុនារសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នេះបានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានគម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿននេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនMINCONSULTSDN.BHD.។បើកការដ្ឋានសាងសង់កាលពីខែកក្កដាឆ្នាំ២០១៩ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក។ហើយគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ដំណើរការសាងសង់សម្រេចបាន ៥៥,០៥%ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ផ្លូវល្បឿនលឿននេះ គន្លង ចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង កន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០កន្លែង ស្ពានតូចចំនួន ៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្ត ចំនួន ៤ក្នុងនោះមាន៖ ខេត្តកណ្តាលប្រវែង៩,១គីឡូម៉ែត្រខេត្តកំពង់ស្ពឺប្រវែង៨០,៨គីឡូម៉ែត្រខេត្តកោះកុងប្រវែង ១,៩២គីឡូម៉ែត្រនិងខេត្តព្រះសីហនុប្រវែង៨៩,៨៩គីឡូម៉ែត្រហើយសូមបញ្ជាក់ផងដែរថាផ្លូវនេះមានរបងបិទជិតសងខាងផ្លូវគោក្របីមិនឆ្លងកាត់បានទេនិងអាចបើកបានក្នុងល្បឿន១០០គីឡូម៉ែត្រក្នុង១ម៉ោងចំណាយពេលវេលាធ្វើដំណើរប្រមាណពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ កំពង់ ផែសមុទ្រក្រុងព្រះសីហនុ ហើយកាលពីមុនប្រើរយៈពេលប្រាំម៉ោង ឥឡូវនេះត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយ កាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ផ្លូវល្បឿនលឿនដោយសារ សេដ្ឋកិច្ចជាតិមានការរីកចម្រើន គឺដោយសារកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពទេ យើងមិនអាចឈរនៅទី នេះមើលការងារសាងសង់ផ្លូវល្បឿនលឿនបានទេដូច្នេះកត្តាសុខសន្តិភាពជាកត្តាដ៏សំខាន់បំផុតមិនអាចកាត់ថ្លៃបានហើយយើងគ្រប់រូបត្រូវរួបរួមគ្នាសាមគ្គីការពារសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានជាដាច់ខាតដើម្បីក សាង ប្រទេសជាតិ មាតុភូមិយើងឱ្យបានរុងរឿងថែមទៀត។ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿនពន្លឿនការងារសាងសង់របស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបាន សំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ ពីផ្លូវ នេះ ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្ន បានធ្វើឱ្យខាតបង់ថវិកាជាតិអស់ប្រមាណ៣៥០លានដុល្លារអាមេរិកនិងចូលរួមទាំងអស់គ្នាក្នុងការថែរក្សាផ្លូវថ្នល់របស់យើងឱ្យបានគង់វង្សដើម្បីកាត់បន្ថយការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភាបានសម្តែងនូមានប្រសាសន៏ថានេះជា មោទនភាពយ៉ាងក្រៃលែងដែលបាន ឃើញការអភិវឌ្ឍ យ៉ាងឆាប់ រហ័ស នូវផ្លូវល្បឿនលឿនដែលជាផ្លូវទីមួយរបស់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវដែល ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅ កាន់កំពង់ផែសមុទ្រខេត្តព្រះសីហនុនិងបានកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានខិតខំប្រឹងប្រែងបំពេញការងារធ្វើឱ្យផ្លូវល្បឿនលឿនទីមួយនេះលេចជារូបរាងឡើង៕