អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ-១៩ ជូនប្រជាពលរដ្ឋ នៅ ក្រុង-ស្រុក ចំនួន៥ ដែលបានតំណត់៤៦ទីតាំង

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ នេះ បានប្រកាស់បេីក យុទ្ធនាការ ចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ -១៩ ជូន ប្រជាពលរដ្ឋ នៅ ក្រុង-ស្រុក ចំនួន ៥ ដែលរដ្ឋបាលខេត្តកំពង់ចាម បានកំណត់យក៤៦ទីតាំង ក្នុងនោះ នៅក្រុងកំពង់ចាម មាន៤ ទីតាំង ស្រុកកំពង់សៀម ៨ ទីតាំង ស្រុកព្រៃឈរ ១៥ ទីតាំង ស្រុកជើងព្រៃ ១៦ ទីតាំង និង ស្រុកបាធាយ មាន ៣ទីតាំង ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជំងឺកូវីដ-១៩ ។ ឯកឧត្ដម លើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ជាច្រើននាក់ បានឆ្លងជំងឺនេះជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ដោយបានផ្ដល់នូវវ៉ាក់សាំងបង្ការមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។
ឯកឧត្ដម មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត ។
បើតាម ឯកឧត្ដមវេជ្ជបណ្ឌិត គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័គ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម ។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ ដែលសរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់ ។
យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨ ដល់ម៉ោង ១១ នាពេលរសៀល ចាប់ពីម៉ោង ១ ដល់ម៉ោង ៤ល្ងាច ៕