កងពលធំលេខ៣ ទទួលបានឧបករណ៍សម្ភារៈ ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

0

ព្រះវិហារ៖ ឯកឧត្តម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ឧបករណ៍សម្ភារៈសម្រាប់បំពាក់ដល់កម្លាំងក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ «លេខ៧២១» របស់កងពលធំលេខ៣ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ។ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តមមេបញ្ជាការរង និងឯកឧត្តមមេបញ្ជាការកងពលតូចអន្តរាគមន៍ទាំងបីចំណុះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សំ សៀ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា៖ កន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ
មហន្តរាយ ធ្លាប់បានបញ្ជូនមន្ត្រីជំនាញ ក៍ដូចជាបានផ្តល់នូវ ឧបករណ៍សម្ភារៈមួយចំនួន មកជួយបណ្តុះបណ្តាល និងហ្វឹកហាត់ ដល់នាយ និងពលទាហាន ចំណុះកងពលធំអន្តរាគមន៍លេខ៣ លើជំនាញគ្រប់គ្រងគ្រោះមហន្តរាយបាន ១វគ្គ (រយៈពេល៤៥ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០) មានកម្លាំងចូលរួមសរុបចំនួន ១០០នាក់ ក្នុងនោះមកពី ទីបញ្ជាការកងពលធំលេខ៣ ចំនួន២៥នាក់, កងពលតូចអន្តរាគមន៍លេខ៧ ចំនួន២៥នាក់, លេខ៨ចំនួន ២៥នាក់ និងលេខ៩ ចំនួន២៥នាក់។

ឯកឧត្តម សំ សៀ បញ្ជាក់ថា៖ បច្ចុប្បន្ន កម្លាំងទាំង១០០នាក់នោះ ត្រូវបាន ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ
កងពលធំអន្តរាគមន៍លេខ៣ រក្សាពួកគេអោយនៅតាមបណ្តាអង្គភាពរៀងៗខ្លួន។ ដើម្បីធ្វើជានាយ និងពលទាហានបង្គោល ជួយដល់នាយ និងពលទាហានផ្សេងៗទៀត ដែលមិនទាន់បានឆ្លងវគ្គហ្វឹកហ្វឺនជំនាញនេះ។ ដើម្បីជាម្ចាស់ការក្នុងការត្រៀមប្រតិបត្តិ សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលតែងតែកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ក៍ដូចជា ត្រៀមជួយអន្តរាគមន៍ ទៅតាមតំបន់ងាយរងគ្រោះ ដោយកត្តាធម្មជាតិនានាផ្សេងទៀតតាមបទបញ្ញា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខ ដាក់ជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ព។ ជាមួយគ្នានោះឯកឧត្តម ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីឲ្យតាមបណ្តាអង្គភាព បង្កើតបានទៅជាកងអន្តរាគមន៍ សម្រាប់ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅពេលដែលមានគ្រោះមហន្តរាយកើតឡើង នៅទូទាំងប្រទេសកម្ពុជាយើង។

ជាចុងក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានសង្ឃឹម និងជឿជាក់ថា បងប្អូនយកចំណេះដឹងយកទៅប្រើប្រាស់នៅក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ និងទាន់ពេលវេលា ដើម្បីថែរក្សាសុវត្តិភាពអាយុជីវិតជូនប្រជាពលរដ្ឋ នៅក្នុងពេលមានគ្រោះមហន្តរាយកើតឡើងប្រកបដោយជោគជ័យ និងបន្តខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមដើម្បីលើកកម្ពស់សមត្ថភាពការងារប្រកប់ដោយ គុណធម៏ក្នុងកិច្ចការងារជួយសង្គ្រោះ។

សូមបញ្ជាក់ថា៖ ឧបករណ៍សម្ភារៈប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២១ របស់កងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសទី១ប្រាសាទព្រះវិហារ ទទួលបានរួមមាន៖ ១/ឯកសណ្តាន ៣៦០ឈុត, ២/មួកសុវត្ថិភាព ១២០សម្រាប់, ៣/ពិលដៃ ១២០គ្រឿង, ៤/ពិលសំរាប់មួកសុវត្ថិភាព ១២០គ្រឿង, ៥/មួក គ.ជ.គ.ម ១២០សម្រាប់, ៦/អាវយឺតហ្វិកហ្វឺន ១២០កំប្លេ, ៧/អាឡូដាក់សំភារៈ ១២០សម្រាប់, ៨/ទូកស្មាច់ និងម៉ាស៊ីន ១០គ្រឿង, ៩/អាវពោងសុវត្ថិភាព ២០០អាវ, ១០/ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, ១១/តង់ចល័តសម្រាប់ប្រជាជន (៤ម×៦ម) ២០សម្រាប់, ១២/ម៉ាស៊ីនបូមទឹក HONDA ទំហំ៨ហ៊ុន ២០គ្រឿង, ១៣/ទុយោម៉ាស៊ីនបូមទឹក (០.៨×៥០ម) ៤០ឈុត, ១៤/ខ្សែពួរ ១០០០ម៉ែត្រ, ១៥/វិទ្យុទាក់ទង ២គ្រឿង៕សួនលីណា