អភិបាលខេត្តកំពង់ចាម​ អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ​-១៩​ ដេីម្បីការពារអាយុជីវិត​ ហើយត្រូវអនុវត្តវិធានការ​ ៣ការពារ​ ៣កុំផង

កំពង់ចាម​:​ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម​ នាព្រឹក​ថ្ងៃទី​៣​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​បាន​គ្រប់ៗគ្នា​ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទិញ​វ៉ាក់សាំង​នេះ​ ដេីម្បី​ការពារ​អាយុជីវិត​ពលរដ្ឋ​​យើង​ ។ ​

ក្នុង​ឱកាសនោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ក្រេីនរំលឹកដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬ​ប្រកប​មុខរបរ​រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី​ ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត​វិធានការ​ ” ៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ​ អាល់កុល ឬជែល​ អោយបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង​ ។ 

​ឯកឧត្តមអភិបាលខេត្ត​ បាន​ថ្លែង​បន្ត​ថា​ មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​តាម​ការ​កំណត់​ ​ហេីយ​ក៏​សូម​ឲ្យ​បងប្អូន​​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​ តួរអង្គ​ទាំង៤នេះ​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​ ។ 

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​បញ្ជក់​ថា​ ទោះបីជា​ស្ថិត​ក្នុង​បរិបទ​​​កូវីដ​-១៩​ ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ខ្លះៗ​ តែអាជ្ញាធរ​នៅតែ​ខិតខំ​ធ្វើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័​ ដោយ​មាន​ការ​ស្ថាបនា​ផ្លូវ​កៅស៊ូ​ និង​ផ្លូវ​បេតុង​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុងកំពង់ចាម​ ដែល​ត្រូវ​បេីក​ការដ្ឋាន​នៅ​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ផងដែរ​ ។ 

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​បានផ្ដល់​ជូន​ប្រជាពលរដ្ឋ​ទាំង ១៦៦​គ្រួសារ ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​ ត្រីខកំប៉ុង​១​យួរ ទឹកត្រី ១​យួរ​ ទឹកស៊ីអ៊ីវ ១​យួរ និង​មី ១​កេស ៕