ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ក្នុងការផ្សំគំនិតលួចកាប់ឈើ នៅតំបន់អូរហ៊ុច ខេត្តមណ្ឌលគិរី ចេញសារភាពប្រគល់ខ្លួនឲ្យសមត្ថកិច្ច

រាជធានីភ្នំពេញ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធផ្សំគំនិតកាប់ឈើ នៅក្នុងតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចេញមុខចូលមកសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តតាមវិធានការច្បាប់។
ទន្ទឹមនឹងប្រសាសន៍អំពាវនាវរបស់ នាយឧត្តមសេនីយ៍ សៅ សុខា នាព្រឹកថ្ងៃទី២កក្កដាឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ក៏នៅបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបើកការស្រាវជ្រាវរកអ្នក ដែលនៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើស និងស្រាវជ្រាវរកជនជាតិវៀតណាម ដែលជាមេខ្លោងផ្តល់ថវិកា និងបានឃុបឃិតជាមួយមន្ត្រីការពារព្រំដែនខ្មែរ ចូលមកកាប់ឈើនៅក្នុងតំបន់អូរហ៊ុច ដឹកជញ្ជូនឆ្លងដែនយកទៅប្រទេសវៀតណាម នោះថែមទៀត។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថា “អ្នកណាដែលមានខ្លួនហើយ គឺត្រូវចេញមកសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធរមានសមត្ថកិច្ច ហើយកុំចចេសរឹងរូស រួមទាំងអ្នកដែលផ្សំគំនិត អ្នកប្រព្រឹត្តផ្ទាល់ គឺត្រូវតែគោរពច្បាប់ គោរពបទបញ្ជា ការពារធនធានធម្មជាតិ ព្រោះធនធានរបស់យើងសម្បូរ ប៉ុន្តែ មកដល់ពេលនេះនៅតែមានអ្នកបំផ្លិចបំផ្លាញធនធានរបស់យើង មិនអាចគង់វង្សបានយូរអង្វែងទេ។
នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា អ្នកណាដែលដឹងថា ខ្លួនឯងខុសហើយ ប្រញាប់ ចេញមកសារភាព ហើយវិធានការរបស់សមត្ថកិច្ច នៃគណៈកម្មការជាតិ ឲ្យស្វែងយល់អំពីតួនាទី ភារកិច្ចរបស់កងកម្លាំងទាំងអស់ ព្រោះអ្នកដែលប្រព្រឹត្តបទល្មើស មិនមែនកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើចឹងទេ គឺមានមនុស្សជាបុគ្គល សូមឲ្យបណ្តាអង្គភាពបង្កើនការយកចិត្តទុកដាក់ អប់រំបុគ្គលិកនៅក្រោមឱវាទរបស់ខ្លួន ក្តាប់ឲ្យជាប់តួនាទីភារកិច្ចរបស់ខ្លួន ហើយគោរពឲ្យបានត្រឹមត្រូវ ក្នុងការការពារផលប្រយោជន៍ជាតិជាធំ កុំឲ្យនាំគ្នាទៅការពារផលប្រយោជន៍ជាតិហើយ បែរជាគិតផលប្រយោជន៍បុគ្គល ហើយទៅប្រព្រឹត្តបទល្មើស ។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ក្នុងការការពារបូរភាពភាព អធិបតេយ្យ ការពារផលប្រយោជន៍ជាតិ ហើយមានមន្ត្រីរបស់យើងទៅប្រព្រឹត្តបទល្មើសខុសច្បាប់បែបនេះ នោះគឺជាការហុចដងទៅឲ្យពួកប្រឆាំងមានឱកាស ដើម្បីវ៉ៃប្រហាររាជរដ្ឋាភិបាល ដែលអាចចាត់ទុកថា ជាខ្មាំងបង្កប់ក៏ថាបាន បង្កើតទង្វើបំផ្លាញជាតិ ដើម្បីទុកឲ្យអ្នកដែលកំពុងតែរកលេសបំផ្លិចបំផ្លាញសន្តិភាព គេមានលេស ដើម្បីនឹងគេនិយាយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦មិថុនាឆ្នាំ២០២១ កន្លងមកនេះ តំណាងអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនសង្ស័យ ១២នាក់ ករណីឃុបឃិតគ្នា បង្កើតបទល្មើសព្រៃឈើនៅតំបន់អូរហ៊ុច ក្រោយពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចាប់ខ្លួនមេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំ ការពារព្រំដែនលេខ២ មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ មេបញ្ជាការរង កងអនុសេនាធំទី២ យោធាការពារព្រំដែន រួមទាំងមេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងមន្ត្រីមួយចំនួន ពាក់ព័ន្ធលើការសមគំនិតឃុបឃិតគ្នាជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់ អូរហ៊ុច ដើម្បីដឹកជញ្ជូនឆ្លងដែនយកទៅប្រទេសវៀតណាម និងបទល្មើសព្រៃឈើ នៅតាមបន្ទាត់ព្រំដែនអូរហ៊ុច នោះមក៕