សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលបានថវិកាជាង ២១លានរៀល ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងថ្ងៃប្រារព្ធខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម !

ខេត្តព្រះវិហារ៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី ដែលជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកា ២១លាន ១៥០ពាន់រៀល«២១.១៥០.០០០រៀល» ប្រគល់ជូនសាខាកាកបាទក្រហកម្ពុជាខេត្តព្រះវិហារ នាថ្ងៃទី៥កក្កដាឆ្នាំ២០២១ ក្នុងថ្ងៃប្រារព្ធខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នា រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក សំ លាងទ្រី ដែលជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ថវិកាដែលនាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាពេលនេះ គឺថវិកាចំនួន ២០លានរៀល ជាថវិការបស់លោក និងក្រុមគ្រួសារ និងថវិកាមួយចំនួនទៀត បានមកពីការចូលរួម ចំណែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមទាំងសម្ភារៈមួយចំនួនទៀត មានដូចជា ម៉ាសចំនួន ៩ពាន់ប្រអប់ និងមីចំនួន ១០កេសធំថែមទៀតផង។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ដោយសម្តែងនូវការរំភើបយ៉ាងក្រៃលែង ចំពោះលោក សំ លាងទ្រី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលបានបរិច្ចាគទាំងថវិកាផ្ទាល់ខ្លួន រួមទាំងសម្ភារៈពេទ្យ និងគ្រឿងបរិភោគ នាំយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការងារមនុស្សធម៌ និងសង្គមធម៌ ជារៀងរហូតមក។
អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានថ្លែងថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានទទួលថវិកាពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៨ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ទឹកប្រាក់សរុបមានចំនួន ៧ម៉ឺន ៦ពាន់ ៣00ដុល្លារអាមេរិក។ ហើយកាកបាទក្រហមកម្ពុជាខេត្ត នឹងប្រើប្រាស់ថវិកាសប្បុរសជនទាំងនេះ ឲ្យចំគោលដៅ និងទៅតាមគោលការណ៍កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕
ដោយ៖ឡុង សំបូរ