ស៊ីម៉ាក់បន្តរកឃើញគ្រាប់បែក៨០គ្រាប់បន្ថែម ដែលកប់នៅកណ្តាលក្រុងសៀមរាបសរុប៤០៥គ្រាប់

0

ខេត្តសៀមរាប: អ្នកជំនាញមជ្ឍមណ្ឌលកងឯកភាពកំចាត់មីនទី៤ ហៅកាត់ថាស៊ីម៉ាក់ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ បានបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទានផ្ទុះបានចំនួន៨០គ្រាប់ទៀត បន្ទាប់ពីរកឃើញចំនួន៣២៥គ្រាប់ កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ នៅប៉ែកខាងជើងក្បែររបងវិទ្យាល័យ១០មករា១៩៧៩ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ហើយគ្រាប់បែកទាំងនេះ សុទ្ឋតែមានសុពលភាពផ្ទុះ និងមានហានិភ័យខ្ពស់។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឱ្យដឹងថា គ្រាប់បែកដៃទាំង៤០៥គ្រាប់នោះផលិតនៅប្រទេសអង់គ្លេង ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះទង្គិចឬមិនបានប្រុងប្រយ័ត្នធ្វើជ្រុះធ្លាក់ ទៅដី។ លោកបានបន្ដថា គ្រប់បែកដៃនោះ ត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាបក្នុងសម័យសង្គ្រាមអំឡុងទសវត្សទី៧០។
លោកបញ្ជាក់ថា គ្រាប់បែកទាំងនេះ គឺដំបូងឡើយប្រទះឃើញ ដោយក្រុមកម្មករនៃមន្ទីរប្រៃសណីយនិងទូរគមនាគមន៍ខេត្តសៀមរាប ពេលកំពុងជីកដីកប់ប្រព័ន្ឋខ្សែកាប្លិ៍ក្រោមដី កាលពីថ្ងៃទី១០ខែកក្កដាកន្លងមកនេះ ហើយពិតជាសំណាងណាស់ ដែលកាយឃើញគ្រាប់បែកតែមិនបានជីកប៉ះខ្លាំង បើសិនជីកប៉ះចំវាអាចនឹងផ្ទុះភ្លាម។
លោក អ៊ាន សុធា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់បើប្រទះឃើញគ្រាប់ឬយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមផ្តល់ដំណឹងឬរាយការណ៍ទៅអាជ្ញាធរដែនដី ឬសមត្ថកិច្ចដែលនៅកៀកក្បែរលំនៅឋានបងប្អូន ឬក៍រាយការណ៍ទៅមន្ត្រីស៊ីម៉ាក់ដោយផ្ទាល់។
បច្ចុប្បន្នគ្រាប់បែកទាំងនេះត្រូវបានយកទៅរក្សាទុក នៅទីបញ្ជាការ កងឯកភាពកំចាត់មីនទី៤ ខេត្តសៀមរាបស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប៕