ការដាំដំណាំបន្លែនៅលើធ្នើកំពុងតម្រូវការទីផ្សារ ដោយសារ គុណ ភាព ល្អ កាត់បន្ថយមេរោគ

ខេត្តកំពង់ធំ៖ ប្រជាកសិករ ដែលរស់នៅក្នុងភូមិកំពង់សំរោង និងភូមិប្រម៉ាត់ដី ស្ថិតនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រមាណជាង៣០គ្រួសារ បានងាកមកចាប់មុខរបរ ដាំបន្លែដោយប្រើប្រាស់ជីធម្មជាតិលើធ្នើ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ ក្នុងពេលប្រទេសជាតិ កំពុងតែជួបនូវបញ្ហាឆ្លងរាតត្បាតមេរោគកូវិដ១៩ ។

លោកស្រី សៅ គឹមស្រ៊ន អាយុ៥២ឆ្នាំ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ លោកស្រីបានចាប់មុខរបរដាំដំណាំនេះ មក២០ឆ្នាំមកហើយ ដោយដំណាំទាំងនេះគឺជាទីពេញនិយមរបស់អ្នកបរិភោគ ភាគច្រើនៅតាម ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាននានា ក្នុងក្រុងស្ទឹងសែនកាម៉ង់ ដោយសារបន្លែទាំងនេះមិនប្រើប្រាស់ សារធាតុខេមី គឺប្រើប្រាស់ជីធម្មជាតិ ដូចជាជីលាមកសត្វ និងអង្កាមដុត រួមទាំងជីកំប៉ោះ។

លោកស្រីបានបន្តទៀតថា មូលហេតុនៃការដាំបន្លែនៅលើធ្នើ ក៏ដោយសារតែ មានភាពងាយស្រួលក្នុងការដាំដុះរបស់បន្លែ ការសំអាតយកស្មៅ និងគ្រប់គ្រងជីបានយូរ រួមទាំងការពារសត្វល្អិតបានយ៉ាងល្អប្រសើរទៀតផង ចំពោះកាតដាំផ្ទាល់ដី សត្វល្អិត ដង្កូវ ស្រមោច ចង្រិត រួមទាំងសត្រូវជាច្រើនទៀត វាមកបំផ្លាញដំណាំ និងត្រូវធ្វើរោងសម្រាប់គ្របពីលើរងដំណាំ ដើម្បីកាត់បន្ថយកំដៅ ។
ចំណែកលោកពូ ប៉ូច វ៉ន អាយុ 49 ភូមិ រស់នៅភូមិប្រមាត់ដី សង្កាត់ជាមួយគ្នាបានឲ្យដឹងដែរថា ជាទូទៅ ប្រជាពលរដ្ឋនៅទីនេះ ជាច្រើនគ្រួសារនិយមដាំបន្លែលើធ្នើ ឬលើករងឲ្យខ្ពស់ ដើម្បីការពារសត្វល្អិត មកបំផ្លាញ់ដូចជា ស្ពៃ សាឡាត់ និងបន្លែជាច្រើនទៀត បន្លែដាំលើរងខ្ពស់ មានគុណភាពល្អ និងមានអ្នកមកទទួលទិញដល់ផ្ទះតែម្តង ចំណែកចំណូល មិនបានច្រើប៉ុន្មាននោះទេ ដោយសារតែក្នុងពេលដាំម្តងៗ ត្រូវប្រើប្រាស់រយះពេលយូ មួយខែកន្លះឯណោះទើបអាចកាត់លក់ម្តង ។
លោកពូបានបញ្ជាក់ថា ក្នុងពេលដែលមានការរឹតបន្តឹង ឲ្យមានការចូលរួមការពារ ការឆ្លងមេរោគកូវិ១៩ ការលក់បន្លែបែរជាមានការកើនឡើងទៅវិញ ដោយសារតែអ្នកភូមិភាគច្រើន កាត់បន្ថយការធ្វើដំណើរទៅផ្សារ ហើយនាំគ្នា មកទិញផ្ទាល់នៅកន្លែងដាំតែម្តង ហើយក៏អាចរកចំណូលបានពីការលក់ ដើម្បីដោះស្រាយជីវភាព បានមួយកំរិតផងដែរ។
ដោយ ប៊ុន វាសនា