លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពតសង្គ្រោះសត្វខ្លាពពកមួយក្បាលដោយការទិញពីអ្នកដាក់អន្ទាក់យកព្រលែងវិញ

0

(ខេត្តកំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមានការចូលរួមពីមន្ត្រីក្រោមឱវាទមួយចំនួនផងបានសម្រេចទិញសត្វខ្លាពពកមួយក្បាលពីអ្នកដាក់អន្ទាក់ដើម្បីព្រលែងចូលក្នុងព្រៃវិញ។

លោកស្នងការខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោកបានទទូលដំណឹងថាមានអ្នកឃុំស្ទឹងកែវ ស្រុកទឹកឈូ បានដាក់អន្ទាក់ជាប់សត្វខ្លាពពកមួយក្បាល។ ជាមួយព័ត៌មាននេះ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបលោកនិងមន្ត្រីក្រោមឱវាទមួយចំនួន សម្រេចទិញសត្វកម្រមួយក្បាលនេះដើម្បីយកទៅព្រលែងចូលក្នុងព្រៃវិញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់បន្ថែមថា ព្រោះតែស្ថានភាពសត្វខ្លាពពកនាពេលនេះកំពុងមានរបួសដោយសារខ្សែអន្ទាក់ ដូច្នេះលោកត្រូវប្រើពេលវេលាដើម្បីព្យាបាលសិន។ នៅពេលសុខភាពបានប្រក្រតីឡើងវិញ លោកនឹងនាំយកទៅព្រលែងនៅក្នុងព្រៃទីដែលមានសុវត្ថិភាពសម្រាប់ពពួកសត្វកំពុងប្រឈមនឹងការផុតពូជនេះ។

គួរបញ្ជាក់ផងដែរថា ខ្លាពពកជាប្រភេទសត្វដ៏កម្រ​ ដែលកំពុងប្រឈមនឹងការផុតពូជនៅលើពិភពលោក ដោយសត្វប្រភេទនេះត្រូវបានចុះក្នុងបញ្ជីក្រហមអាយ.យូ.ស៊ី.អិន និងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទសត្វងាយទទួលរងនូវការគំរាមកំហែងដោយសារការបរបាញ់ ក៏ដូចជាការខ្វះជម្រកជាដើម ហើយសត្វប្រភេទនេះបាននឹងកំពុងឈានដល់ការបាត់បង់ដោយមកដល់បច្ចុប្បន្នត្រូវបានផុតពូជនៅប្រទេសបង់ហ្លាដេស សឹង្ហបូរី និងតៃវ៉ាន់ទៅហើយ។ ដោយឡែកនៅកម្ពុជា ខ្លាពពកមានវត្តមាននាភូមិភាគឦសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា៕ សេង ណារិទ្ធ