លោកតាអាយុ ១០៤ឆ្នាំ នៅស្រុកស្រីសន្ធរ ទទួលបានអំណោយលើកទឹកចិត្តសម្តេចតេជោ នាយករដ្ឋមន្ត្រី

កំពង់ចាម : ដេីម្បី លើកទឹកចិត្ត ដល់លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដែលលោកតា មានស្មារតីខ្ពស់ អញ្ជើញចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងដូសទី១ ដើម្បី ការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ សម្ដេចតេជោ បានផ្ដល់នូវអំណោយ សម្ភារៈជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនលោកតា សម្រាប់ផ្គត់ផ្គង់ជីវភាព ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បាននាំយកថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ខ្នងផ្ទះ លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ ។ លោកអភិបាលស្រុកបញ្ជាក់ថា អំណោយលើកទឹកចិត្តរបស់សម្ដេចតេជោ ផ្ដល់ជូនលោកតា នាឱកាសនោះ រួមមាន ៖ ថវិកាចំនួន ៣លានរៀល មី ០៨កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា០២ដប ៕