កម្ពុជា​មាន​វិធានការ​ទប់ស្កាត់​ជំងឺ Ebola

0

ភ្នំពេញ ៖​ក្នុង​ទិវា​ជាតិ​វេជ្ជសាស្ត្រ​-​ឱសថ​សាស្ត្រ​លើក​ទី​១១​ស្តីពី​សុខភាព ដើម្បី​ទាំងអស់គ្នា ឆ្នាំ​២០១៤​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា​ឯក ឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បាន​អះអាង​ថា កម្ពុជា​មាន​វិធាន ការ​គ្រប់គ្រាន់​ក្នុង​ការទប់ស្កាត់​ជំងឺ​អ៊ី​បូ​ឡា ដែល​ពិភពលោក​កំពុង​មាន​ការ​ព្រួយ បារម្ភ​នោះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសា​នស៍​ថា វិធានការ​គ្រាប់​គ្រាន់​ឆ្លើយតប​នឹង​ជំងឺឆ្លង​នេះ ក្រសួង​សុខាភិបាល​បាន​រៀបចំ​តាំងពី​ថ្ងៃ​ទី​០៨​ខែសីហា​មក​ម្លេះ ដោយ​ដាក់​ក្រុម​ពេទ្យ​ជំនាញ​នៅតាម​ច្រកទ្វារ​ចេញចូល​អន្តរជាតិ ដើម្បី​ឆែក​ពិនិត្យ​រក​រោគសញ្ញា​នៃ​ជំងឺ Ebola នេះ ។ បន្ទាប់មក បើសិនជា​មាន​រោគសញ្ញា​នេះ យើង​នឹង​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដែល​បាន​រៀបចំ​ជាស្រេច ។ បន្ទាប់ មកទៀត បញ្ជូន​អ្នកមាន​រោគសញ្ញា​នេះ​ទៅ​ធ្វើ​រោគវិនិច្ឆ័យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដោយ​មាន​អ្នកគ្រប់គ្រង​ពី​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ជំងឺឆ្លង​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ជា អ្នកគ្រប់គ្រង​បច្ចេកទេស​មកពី​អង្គការ​សុខភាព​ពិភពលោក ។Ebola2

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការចាត់វិធានការ​ជាមុន​នេះ ព្រោះ​យើង​មិន​ចង់ឲ្យ​មាន​ការចម្លង​រីក​រាលដា​ល​ជា​សកល​នៃ​មេរោគ​នោះទេ ។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍ថា យើង​ក៏​មាន​បណ្តាញ​ទំនាក់ទំនង​អន្តរ ជាតិ​គ្រប់​ប្រទេស​ទាំងអស់ ដើម្បី​ជូន​ព័ត៌មាន​ជួយ​គ្នា ព្រោះថា ជំងឺ Ebola នេះ​ចាប់ ពី​២​ទៅ​៣​សប្តាហ៍​ទើប​មាន​រោគសញ្ញា ដូច្នេះ​ពេល​មកដល់​អាកាសយានដ្ឋាន​យើង​ឆែក​មើល​អ្នកដំណើរ​ភ្លាមៗ ពេល​ឆែក​រួចហើយ​ត្រូវ​ឲ្យ​គាត់​បំពេញ​ថា មក​ពី​ទីកន្លែង​ណា ហើយ​ធ្លាប់​មក​ពី​ប្រទេស​ដែល​ឆ្លង​ជំងឺ Ebola នេះ​ឬ​អត់ បន្ទាប់មក​យើង​ប្រាប់​គាត់​ថា បើសិនជា​មាន​រោគសញ្ញា​មេរោគ​នេះ ត្រូវ​ឲ្យ​គាត់​ជូន​ព័ត៌មាន​មក​ក្រុម​ការងារ​យើង​តាម​លេខ​ទូរស័ព្ទ​ដែល​យើង​ផ្តល់​ឲ្យ​គាត់ ដើម្បី​យើង​ទៅ ដល់​ទីកន្លែង​ដែល​គាត់​ស្នាក់នៅ យក​គាត់​មក​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នៅក្នុង​មន្ទីរ ពេទ្យ ដែល​ក្រសួង​បានរៀបចំ​។​ ​

ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អង្គការ​សុខភាព​ពិភពលោក​បាន​អនុញ្ញាតឲ្យ​ប្រើ​ថ្នាំ​ដែល​កំពុង​ពិសោធន៍ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ Ebola ខណៈពេល​ដែល​ការស្លាប់​បាន​កើនឡើង​ដល់​ទៅ​ប្រមាណ​១ ០០០​នាក់​ហើយ ព្រមទាំង​បព្វជិត​ជនជាតិ​អេ​ស្ប៉ាញ​មួយ​អង្គ​បាន ក្លាយទៅជា​ជនជាតិ​អឺរ៉ុប​ទីមួយ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​នេះ​៕​