ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញបទបញ្ជាឲ្យបញ្ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩ Astra Zeneca ដូសទី៣ ដែលជាដូសជម្រុញ នាំយកទៅចាក់ជូនមន្ត្រីជួរមុខ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ !

0

រាជធានីភ្នំពេញ៖ បទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញនៅថ្ងៃទី៦សីហានេះ ដើម្បីធានាសុខមាលភាពជូនមន្ត្រីជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅក្នុងសប្តាហ៍ទី២ ខែសីហាឆ្នាំ២០២១នេះ គ្រាដែលក្រុមមន្ត្រីជួរមុខទាំងអស់ កំពុងប្រឈមនឹងការឆ្លងមេរោគបំប្លែងថ្មី Delta ក្រោយពលករជាច្រើននាក់ បានវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នឹងទទួលហានិភ័យខ្ពស់ បន្ទាប់ពីប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បាននិងកំពុងវិលត្រឡប់មកពីប្រទេសថៃវិញ ជាពិសេស ក្រុមមន្ត្រីជួរមុខដែលបម្រើការងារផ្នែកសេវាសាធារណៈ ពាក់ព័ន្ធនឹងបញ្ហា ជំងឺកូវីដ១៩នេះតែម្តង ។
សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស បញ្ជូនវ៉ាក់សាំង Astra Zeneca ដែលត្រូប្រើប្រាស់ជាដូសទី៣ ចាក់ជូនគ្រូពេទ្យ កងទ័ព នគរបាល អាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធ នៅតាមខេត្តជាប់ព្រំដែនថៃជាបន្ទាន់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺ កូវីដ១៩ ជាពិសេស ឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានាពេលនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ យ៉ាងដូច្នេះ ” ត្រូវដឹកបន្ទាន់នូវវ៉ាក់សាំង Astra Zeneca ទៅកាន់ព្រំដែន ដើម្បីចាក់ជូនគ្រូពេទ្យ ចាក់ជូនមន្ត្រីកងទ័ព នគរបាលអាវុធហត្ថ និងមន្ត្រីរាជការនានា ដែលមានការពាក់ព័ន្ធ ធ្វើកិច្ចការងារនេះបន្ទាន់បំផុត ព្រោះយើងមានវ៉ាក់សាំងនៅក្នុងដៃគ្រប់គ្រាន់ហើយ សម្រាប់ Astra Zeneca ដែលត្រូវចាក់នៅទីនោះ ហើយតាមការប៉ាន់ប្រមាណថា អង្គភាពនៅតាមព្រំដែនទាំងនោះ ដែលមានការពាក់ព័ន្ធ រួមមានទាំងអង្គភាពបណ្ដាកងពលធំ កងពលតូច បណ្ដាវរសេនាធំ វរសេនាតូច និងអង្គភាពដែលធ្វើកិច្ចការងារនេះ ពាក់ព័ន្ធនឹងអាវុធហត្ថ នគរបាលជាតិ និងមន្ត្រីស៊ីវិលរបស់យើង ខ្ញុំគិតថាប្រមាណជាង ៣ទៅ៤ម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះវាមិនច្រើនទេ ហើយសូមឲ្យក្រុមគ្រូពេទ្យ នៃបណ្ដាយោធភូមិភាគកងពលធំ កងពលតូច វរសេនាធំ វរសេនាតូច គឺហ្វឹកហាត់ និងត្រៀមចាក់ ខណៈដែលបងប្អូនធ្លាប់ដំណើរការ រឿងនេះរួចហើយ “។
សូមបញ្ជាក់ថា ការចាក់ដូសទី៣ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀត ផងដែរ៕