មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ ទទួលបានផ្លែមៀន ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់ផ្តល់ជូនកងទ័ព នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឡាវ

ខេត្តព្រះវិហារ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចទាំងពីរ ត្រូវគេមើលឃើញថា តែងបានយកហរទ័យគិតគូខ្ពស់បំផុត ពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស និងសម្តេច បានដាក់ចេញបទបញ្ជា ក៏ដូចវិធានការនានា ដើម្បីរកដំណោះស្រាយបញ្ហា ដែលកើតឡើងទាំងមុន និងនៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ។
មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នៅថ្ងៃទី២២សីហា នេះ ទទួលបានផ្លែមៀន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្រាប់យកមកចែកជូនកងទ័ព និងគ្រួសារកងទ័ព នៅគ្រប់កងឯកភាពចំណុះទាំងអស់ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។
លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ក្នុងនាមកងទ័ព នៅគ្រប់កងឯកភាព ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងក្នុងនាមលោកឧត្តមសេនីយ៍ផ្ទាល់ បានមានប្រសាសន៍ ដោយសំដែងការគោរពដឹងគុណ និងថ្លែងនូវអំណអរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងជានាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរានី ហ៊ុនសែន ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់ ដល់ភាពសុខទុក្ខ និងការលំបាកគ្រប់បែបយ៉ាងរបស់កងទ័ព គ្រួសារកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាពិសេស កងកម្លាំងដែលស្ថិតនៅក្នុងខេត្តព្រះវិហារ នៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ សម្តេចទាំងទ្វេរ បានទិញផ្លែមៀនពីប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកចែកជូនដល់កងទ័ព និងគ្រួសារកងទ័ព ពិសេស បងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬបងប្អូនកំពុងសំរាកព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាល នៅមណ្ឌលព្យាបាល ផងដែរ។
មេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបង្ហាញពីសមានចិត្តស្មោះស្ម័គ្រ និងបានគោរពជូនពរ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ កំលាំងពលំខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅ ទាំងអស់គ្នា និងដើម្បីបន្តដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព វឌ្ឍនភាព និងភាពសុខសាន្ត តរៀងទៅ។
គួររំលឹកថា នៅពេលថ្មីៗកន្លងមកនេះ ប្រជាកសិករនៅខេត្តបាត់ដំបង បានត្អូញត្អែពីភាពកកស្ទះ នៃការលក់ផលកសិកម្ម ដោយកង្វះទីផ្សារលក់ផ្លែមៀន និងផ្លែតាង៉ែន ដែលកសិករបង្ករបង្កើនផលបាន និងក្រោយពីបានដឹងរឿងនេះភ្លាម ប្រមុខរាជរដ្ឋាភិបាល បានបញ្ជានាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឲ្យចុះទៅកាន់ខេត្តបាត់ដំបង ដើម្បីជួយទិញផ្លែមៀន ឬផ្លែតាង៉ែន ពីប្រជាកសិករ យកមកចែកជូនកងកម្លាំង និងប្រជាពលរដ្ឋក្រីក្រ ដើម្បីរំលែកការលំបាក ពីកង្វះទីផ្សារនាំចេញផលកសិកម្មរបស់ ប្រជាកសិករ ដែលស្ថិតនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ភាគពាយ័ព្យ នៃប្រទេសកម្ពុជា ៕ ដោយ៖ ឡុង សំបូរ