ខ្លាំងមែន ម្ចាស់ទីតាំង ទីសត្តឃាតមាន់ទទួល ស្គាល់ការពិត តែមិនគោរពតាមការណែរនាំរបស់អាជ្ញាធរ

ភ្នំពេញ ៖ បន្ទាប់ពីក្រុមការងារនៃអង្គភាពសារព័ត៌មាន យើង បានចុះផ្សាយពាក់ព័ន្ធនឹងទីតាំងអាជីវកម្មទីសត្តឃាតមាន់ របស់លោកស៊ីម សុខ ដែលប្រជា ពលរដ្ឋជាច្រើនគ្រួសារបានរាយការណ៍មកអង្គភាពយើង ឲ្យជួយផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងករណីទីតាំងខាងលើបង្កសំឡេងរំខាន ក៏ដូចជាជះក្លិនស្អុយភាយចេញមកក្រៅនោះ ពេលនេះម្ចាស់ទីតាំងទីសត្តឃាតមាន់នេះបានតបមកអង្គភាពសារព័ត៌មានយើង ដោយ លោកបាន ទទួលស្គាល់ការពិតថាពិតជាមានរឿងអ៊ីចឹងមែន។

ទីតាំងអាជីវកម្មទីសត្តឃាតនេះស្ថិតនៅភូមិថ្មគោល ២ សង្កាត់ ចោមចៅទី ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះមានបងប្អូនប្រជាពលរដ្ឋច្រើនគ្រួសារ បានរាយការណ៍ផ្ទាល់មកអង្គភាពសារព័ត៌មាន យើង ថា ទីតាំងអាជីវកម្មទីសត្តឃាតមាន់ខាងលើនេះ ជារៀងរាល់យប់តែងតែមានសំឡេងរំខានដល់ពួកគាត់យ៉ាងខ្លាំង ពោលគឺចាប់ពីម៉ោង ១ រំលងអធ្រាត្រ រហូតដល់ម៉ោង៥ ភ្លឺ គឺដោយមានរថយន្តដឹកមាន់ចេញចូល ក៏ដូចជាការពិឃាតសត្វមាន់ មាន់ស្រែកសម្លេងកងរំពងយ៉ាងខ្លាំង ធ្វើឲ្យរំខានដល់ពួកគាត់ដែលកំពុងតែគេងលង់លក់ក្នុងពេលរាត្រីផងដែរ។

ដោយមានការលើកឡើងនិងរាយការមកអង្គភាពយើងឲ្យជួយផ្សព្វផ្សាយ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានបានដឹងនោះរួចមកលោក ស៊ីម សុខ ដែលជាម្ចាស់អាជីវកម្មទីសត្តឃាតមាន់ បោចមាន់លក់ខាងលើនេះបានឆ្លើយតបតាមរយះ មីស៊ីនជឺរវៃឆ្លាត មកនាយកអង្គភាពសារព័ត៌មាន យើងថា លោកពិតជាទទួលស្គាល់ថា បច្ចុប្បន្ននេះទីតាំងរបស់លោកពិតជាបានរំខានដល់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន ។

លោកស៊ីម សុខ បានបញ្ជាក់បន្ថែមថាទីតាំងរបស់លោកបានចាប់ផ្តើមពិឃាតមាន់ ចាប់ពីម៉ោង ១ រំលងអធ្រាត្រទៅដោយលោកដំណើរការជារៀងរាល់ថ្ងៃដើម្បីយកមកបោះឱ្យម៉ូយផ្សេងៗ នៅម៉ោង ៤ទៅម៉ោង៥ ភ្លឺ។

លោកស៊ីម សុខ បានបញ្ជាក់ផងដែរថាពាក់ព័ន្ធទៅនឹងទីតាំងអាជីវកម្មរបស់លោក គឺកាលពីមុនលោកមានលិខិតអនុញ្ញាតអាជីវកម្មឆ្នាំ ២០១៧ តែបច្ចុប្បន្ននេះលោកពុំទាន់បានបន្តលិខិតអាជីវកម្មនោះទៀតទេ។

ពាក់ព័ន្ធនឹងប្រតិកម្មរបស់ប្រជាពលរដ្ឋនៅភូមិថ្មគោល២ លើបញ្ហាទីតាំងអាជីវកម្មសត្តឃាតមាន់ខាងលើនេះ លោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ ប្រាប់មកអង្គភាពសារព័ត៌មាន យើង ផងដែរថា កន្លងមកខាងអាជ្ញាធរសង្កាត់ ក៍ដូចជាមេភូមិ ផងដែរ បានចុះមកធ្វើការណែរនាំអប់រំដល់ម្ចាស់ទីតាំងទីសត្តឃាតមាន់នេះដែរដោយឲ្យលោកស៊ីម សុខ ដែលជាម្ចាស់ទីតាំងកែសម្រួលក្លិនស្អុយនិងសំឡេងរំខានដល់បងប្អូនប្រជាពលរដ្ឋ ហើយបើមិនអនុវត្តន៍តាមការណែរនាំទេនោះ អាជ្ញាធរនឹងចុះបិទអាជីវកម្មនេះ ឬក៍ឲ្យម្ចាស់ប្តូរទីតាំងសត្តឃាតមាន់នេះចេញតែម្តង។

តែបើតាមប្រជាពលរដ្ឋជាច្រើនគ្រួសាររងគ្រោះដដែលនោះបានប្រាប់មកអង្គភាពសារព័ត៌មាន យើងនារសៀលថ្ងៃទី២៦ ខែសីហានេះថា ចាប់តាំងពីមានការផ្សព្វផ្សាយតាមសារព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធចុះទៅនោះ រហូតមកដល់ពេល នេះ ម្ចាស់ទីតាំងខាងលើនៅតែបន្តសំឡេងរំខាន និងមានក្លិន ស្អុយដដែល ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងខ្លាំង ពិសេសប៉ះពាល់ដល់សុខភាព ក្មេងៗតែម្តង ។

ប្រជាពលរដ្ឋបញ្ជាក់ថាម្ចាស់ទីតាំងចេះស្រែកថាទទួលការពិតរឿងកើតឡើងអ៊ីចឹងមែន តែម្ចាស់ទីតាំងបែរជាមិនគោរពតាមការណែរនាំរបស់អាជ្ញាធរ ។

ប្រជាពលរដ្ឋនៅក្នុងភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ២ ទាំងអស់មានការជឿជាក់ទៅលើឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខ សុខមាលភាព ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក៏ដូចជាក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យនោះថា ពួកគាត់សង្ឃឹមថា ក្រោយពីដំណឹងខាងលើនេះបានជ្រាបដល់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌ លោកទាំងទ្វេនឹងមានវិធានការ ឬក៍ចុះមកអន្តរាគមន៍ជួយដោះស្រាយបញ្ហាខាងលើនេះជូនដល់ពួកគាត់ឆាប់ៗ ជាពុំខានឡើយ៕