មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ធ្វើតេស្តរកមេរោគកូវីដ១៩ លើមនុស្សជាង ៥០០នាក់ និងបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ២៣នាក់ នៅក្នុងភូមិសាស្ត្រខេត្ត

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ដែលជាទីប្រឹក្សាក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍ថា មន្ត្រីជំនាញសុខាភិបាលខេត្ត បានធ្វើតេស្តលើមនុស្ស ចំនួន ៥២៧នាក់ ក្នុងនោះ បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ២៣នាក់ ស្រី ១៣នាក់ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី២៥សីហា ដល់ម៉ោង ៥ល្ងាច ថ្ងៃទី២៦សីហាឆ្នាំ២០២១ និងមានអ្នកសះស្បើយ ចំនួន ២៦នាក់ ស្រី ១៣នាក់ ថែមទៀតផង។
របាយការណ៍បានបង្ហាញទៀតថា ក្នុងចំណោមអ្នកដែលបានធ្វើតេស្ត និងបានរកឃើញផ្ទុកមេរោគកូវីដ១៩ ទាំងអស់នៅក្នុងថ្ងៃ២៦សីហានេះ គឺជាអ្នកដែលរស់នៅក្នុង ភូមិគីឡូលេខ៨ សង្កាត់សាមគ្គី និងអ្នកកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ដែលមានទីលំនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃ២៦សីហានេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៩៤៣នាក់ ស្រី ៤៦៥នាក់ ក្នុងនោះ ប្រភេទ Delta ចំនួន ៥៨នាក់ ស្រី ២៩នាក់ អ្នកជាសះស្បើយ ៥៩១នាក់ ស្រី ២៧៤នាក់ កំពុងសម្រាកព្យាបាល ៣៤៣នាក់ ស្រី ១៨៨នាក់ ស្លាប់ ០៩នាក់ ស្រី ០៣នាក់ ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង កំពុងបន្តបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលយុទ្ធនាការនោះ ត្រូវបានកំណត់ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៥សីហា រហូតដល់ថ្ងៃទី៣០សីហាឆ្នាំ២០២១ សម្រាប់កុមារ និងយុវវ័យ ដែលរស់នៅក្នុងក្រុងស្ទឹងត្រែង តែប៉ុណ្ណោះ។
អាជ្ញាធរខេត្តស្ទឹងត្រែង បានអំពាវនាវដល់មាតា បិតា ដែលជាអាណាព្យាបាលកុមារ និងយុវវ័យទាំងអស់ក្នុងក្រុងស្ទឹងត្រែង សូមប្រញាប់រូតរះម្នីម្នានាំកូនចៅ ដែលមានវ័យ១២ឆ្នាំ ដល់ ១៧ឆ្នាំ មកចាក់វ៉ាក់សាំងឲ្យបានទាន់កាលកំណត់ ដោយភ្ជាប់មកជាមួយ នូវសំបុត្រកំណើត សៀវភៅគ្រួសារ ឬប័ណ្ណស្នាក់នៅថតចម្លង ឲ្យបានគ្រប់គ្នា ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ពិសេស មេរោគកូវីដ ប្រភេទថ្មី Delta៕ ដោយ៖ឡុង សំបូរ