សមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតថ្នាំញៀនបានជាច្រើនកញ្ចប់

0

ខេត្តព្រះវិហារ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀនខុសច្បាប់ ចាប់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់តូច ក្រោមបទបញ្ជារបស់ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ លោក វុធ សាវី បន្ទាប់ពីទទួលបានការអនុញ្ញាតពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នាម៉ោង ១រសៀល ថ្ងៃទី១៣កញ្ញាឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ចុះឡោមព័ទ្ធលំនៅដ្ឋានមួយកន្លែង ដែលជាមុខសញ្ញាសង្ស័យការរក្សាទុក និងការចែកចាយ នូវសារធាតុញៀនយ៉ាងសកម្ម និងបានឃាត់ខ្លួនបុរស ៤នាក់ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ice ម៉ាទឹកកក ជាច្រើនកញ្ចប់តូច ។

បុរសសង្ស័យទាំង ៤នាក់ ដែលកម្លាំងនគរបាលឃាត់ខ្លួនបានក្នុងពេលនោះ រួមមាន៖ ១.ឈ្មោះ ធី ម៉ៅ អាយុ ២៩ឆ្នាំ ,២. ចាន់ សុវណ្ណ អាយុ ១៨ឆ្នាំ ,៣.ចៀន តារា អាយុ ២៤ឆ្នាំ និង៤.ឡុង អៀងហេង អាយុ ២៩ឆ្នាំ មុខរបមិនពិតប្រាកដ ជនសង្ស័យទាំង ៤នាក់ស្នាក់នៅសង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ និងជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្រៀង ហេង ភេទប្រុស អាយុ ៣៩ឆ្នាំ បានរត់គេចខ្លួន ប៉ុន្តែ ខណៈនេះលោកព្រះរាជអាជ្ញាខេត្ត បញ្ជាសមត្ថកិច្ចតាមចាប់ខ្លួនឲ្យខាងតែបាន។

ខណៈនេះ ជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុកពីកម្លាំងនគរបាលជំនាញគ្រឿងញៀនខេត្តព្រះវិហារ ។ ជនសង្ស័យ និងវត្ថុតាងថ្នាំញៀន នឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញ បញ្ចប់នូវការសាកសួររួច ៕ ដោយ៖ឡុង សំបូរ