អាជ្ញាធរខេត្តព្រះវិហារ បន្តដាក់ចេញការអនុវត្តវិធានការរដ្ឋបាល ក្នុងរយៈពេលពីរសប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បំប្លែងថ្មី Delta

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេច បន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ក្នុងរយៈពេល ២សប្តាហ៍បន្ថែមទៀត សំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ ប្រភេទ Delta» ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១៧កញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងទៀតថា រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន និងភេសជ្ជដ្ឋាន នៅតាមសណ្ឋាគារ។ល។ ត្រូវតែគោរពឲ្យបាន នូវវិធានការអនាម័យ ជាអាទិ៍ ការរៀបចំជែល អាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម ស្របតាមការណែនាំ និងវិធានសុខាភិបាល ក្នុងការបម្រើសេវាកម្មរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យបម្រើសេវាក្នុងទីតាំងផ្ទាល់ជាដាច់ខាត តែប្រើជម្រើសសេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។

រដ្ឋបាលខេត្ត ហាមឃាត់ជាបណ្តោះអាសន្ន ការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ដូចជា ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក ,បៀហ្គាឌិន, រមណីយដ្ឋាន ,សួនកំសាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ,រោងសម្តែងសិល្បៈ ,ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡានានា និងសកម្មភាពមុខរបរអាជីវកម្ម ដែលនឹងបង្កឲ្យមានស្ថានភាពប្រឈម ដែលកំណត់របស់អាជ្ញាធរ អនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ប្រភេទ Delta។

រដ្ឋបាលខេត្តព្រះវិហារ បានបន្តទៀតថា ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំពិធីមង្គលការ ,ពិធីជប់លៀង ,ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ ,ការជួបជុំតាមបែបសាសនានានា ,ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង លើកលែងតែចំពោះករណី ជាអាទិ៍ ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា ,ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច ,ការប្រមូលផ្តុំមនុស្ស ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ,ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ,ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាលខេត្តបានបញ្ជាក់ថា រាល់សកម្មភាព នៃការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស ,កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ,ការវាស់កំដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងៗទៀត ៕ ដោយ៖ឡុង សំបូរ