កងកម្លាំងនគរបាលជាតិ ឈរជើងនៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ទទួលបានអំណោយដ៏ថ្លៃថ្លា ពីអគ្គស្នងការនគរបាលជាតិ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ៖ ឯកឧត្តម នាយឧត្ត​ម​សេ​នី​យ៍ ហ៊ូ សា​គុណ​ អគ្គស្នងការ​រង​នគនគរបាលជាតិ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន​ នៅថ្ងៃទី០៣ ចុងសប្តាហ៍នេះ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កងកម្លាំងនគរបាលជាតិ ដែលកំពុងឈរជើងការពារទឹកដី នៅទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នាឱកាសចុះសួរសុខទុក្ខ នៃពិធីបុណ្យភ្ជុំបិណ្ឌ រួមមាន៖ មី, ត្រីខ​, ទឹក​ភេ​ស​ជ្ជះ​ នឹង​ថវិការ​ ចំនួន​ ៤០​លានរៀល ។

នៅក្នុងពិធីប្រគល់អំណោយនេះ ឯកឧត្តម នាយឧត្ត​ម​សេ​នី​យ៏ ហ៊ូ សា​គុណ​ អគ្គស្នងការ​រង​នគនគរបាលជាតិ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន បានថ្លែងថា ​ក្នុង​បរិបទ​នេះ​កងកម្លាំង​នគរបាល​ជាតិ​ គឺ​ដៃ​ម្ខាង​ការពារ​បូរណភាព​ទឹក​ដី​ នឹង​ដៃ​ម្ខាង​ទៀត​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺ​កូវី​ដ​-១៩ ។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្ត​ម​សេ​នី​យ៍ ហ៊ូ សាគុណ បាន​សង្កត់ធ្ងន់ថា​ ស្ថិត​ក្នុង​បរិបទ​មួយ ដែល​បច្ចុប្បន្ន​នេះ មេរោកូវី​ដ​-១៩​ បាន​នឹង​កំពុង​វាយលុក​ ធ្វើឲ្យកងកម្លាំងនគរបាល​ការពា​ព្រំដែន​យើង​ ត្រូវ​បង្កើន​នូវ​ស្មារតី​បន្ថែម​ទ្វេរ​ឡើង​។ ហើយត្រូវចូលរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារ និងអង្គភាព ពីការឆ្លងជំងឺកូវីដ-១៩ និងត្រូវសម្របសម្រួលខ្លួនក្នុងការរស់នៅជាមួយបរិបទជំងឺកូវីដ-១៩ តាមបែបគន្លងថ្មី ហើយត្រូវថែរក្សាសុខភាព អនាម័យ ក្នុងការរស់នៅឲ្យបានល្អ ដោយប្រកាន់យកនូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្ត​ម​សេ​នី​យ៍ ហ៊ូ សាគុណ ក៏​បានថ្លែងកោតស​រសើរ​លើកទឹកចិត្ត នឹង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ស្មារតី​ការតស៊ូ​ នឹង​ភាព​អំណត់​អត់ធន់​ព្យាយាម​ប្រឈម​នូវ​រាល់​គ្រប់ឧបស​គ្គ​ ក្នុង​បុព្វហេតុ​ការពារជាតិ​ ការពារ​បូរណភាព​ទឹក​ដីតាម​បន្ទាត់​ព្រំដែន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តប​តាម​ប្រសា​ស​ន៍ ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​មិន​ឲ្យ​បាត់បង់​មួយ​មី​លី​ម៉ែត​នោះនោះឡើយ ៕ សួនលីណា