កម្លាំងតំបន់ប្រតិបត្តិការសឹករបន្ទាយមានជ័យ ឃាត់ខ្លួនពលករខ្មែរជិត ៣០នាក់ គ្រោងឆ្លងដែនចូលទឹកដីថៃ ដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ ២៩នាក់ ក្នុងនោះស្រី ១៣នាក់ គ្រោងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅយប់ថ្ងៃទី៧តុលាឆ្នាំ២០២១ ស្ថិតក្នុងភូមិសាស្ត្រ ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។
លោកឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរង ទទួលទិសម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ លោកបានដឹកនាំ កម្លាំង ១៥នាក់ ល្បាតសហការជាមួយ នគរបាលការពារព្រំដែនគោកលេខ៨១៥ ក៏បានពើបប្រទះពលករចំនួន ២៩នាក់ បម្រុងឆ្លងដែនចេញទៅប្រទេសថៃ នឹងត្រូវបានកម្លាំងល្បាតសហការណ៍ ឃាត់ខ្លួនបានតែម្តង។
លោកបានបន្តថា ក្រោយពេលឃាត់ខ្លួនពលករទាំង ២៩នាក់នោះ ត្រូវបានសួរនាំ ដើម្បីរកឱ្យឃើញមេខ្យល់អ្នកនាំផ្លូវ។ លោកថា ក្រោយការសាកសួររួច ពលករទាំងអស់ ត្រូវបានធ្វើការអប់រំ ណែនាំ ហើយក៏បានបញ្ជួនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ស្រុកម៉ាឡៃ។
លោកមេបញ្ជាការរងខេត្ត បានបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នោះមក កម្លាំងយោធា បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ត្រី រិទ្ធ រ៉ម បានបញ្ជាក់ទៀតថា ដើម្បីពង្រឹងទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ លោក ឧត្តមសេនីយ៍ ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងទាំងអស់ ត្រូវល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា និងត្រូវមានកិច្ចសហការល្អ ជាមួយកងកម្លាំងចម្រុះ ដើម្បីធាននាបង្ក្រាបបានទាំងស្រុងនូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់តំបន់ប្រតិបត្តិការសឹកងរបន្ទាយមានជ័យ៕