ផ្លូវទូកមាស ពោធិ៍តាស៊ុយ ប្រវែង១៣គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលនៅព្រឹកនេះ

(ខេត្តកំពត)៖ ផ្លូវទូកមាសពោធិ៍តាស៊ុយ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៣១ ចាប់ពីចំណុចផ្សារស្រុកបន្ទាយមាស ខេត្តកំពត មានប្រវែង១៣គីឡូម៉ែត្រត្រូវបានបើកកសរដ្ឋានជួសជុល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុក និងមន្ត្រីរាជការចំណុះសាលាស្រុកបន្ទាយមាស សមាជិកក្រុមប្រឹក្សាឃុំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនូវការលំបាករបស់ប្រជាពលរដ្ឋ ខណៈផ្លូវមួយខ្សែនេះ(ផ្លូវពោធិ៍តាស៊ុយ)រងការខូចខាតដ៏ធ្ងន់ធ្ងរ ដែលបង្កការលំបាកក្នុងការធ្វើដំណើរ ពិសេស កូន ក្មួយ ជាសិស្សានុសិស្ស ពិបាកធ្វើដំណើរទៅសាលារៀន លោកក៏បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីពន្លឿនជួសជុលផ្លូវ១ខ្សែដែលមានប្រវែងសរុប១៣គីឡូម៉ែត្រឱ្យបានឆាប់បំផុត សម្រាប់បង្កភាពងាយស្រួលដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋានខាងលើ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តកំពត ក៏សូមក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះសាមគ្គីគ្នា ស្រឡាញ់គ្នា កុំទាស់ទែងគ្នា ហើយត្រូវចេះរក្សាអនាម័យ ពិសេសត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល និងបង្ការទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ ៣ការពារ។

សូមជម្រាបថា៖ បើយោងតាមរបាយការណ៍របស់ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត បានឱ្យដឹងថា ផ្លូវទូកមាសពោធិ៍តាស៊ុយមានប្រវែង១៣គីឡូម៉ែត្របែកចេញពីផ្លូវជាតិលេខ៣១ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាសឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវ។ផ្លូវមួយខ្សែនេះមានស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។ បន្ទាប់ពីផ្លូវរងការខូចខាតប្រជាពលរដ្ឋដែលបាន និងកំពុងប្រើប្រាស់ផ្លូវមួយខ្សែនេះមានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ ដោយផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋដែលសូមឱ្យមានកិច្ចអន្តរាគមន៍ ឯកឧត្តម ម៉ៅ ធនិន ក៏បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័សបំផុត។ បច្ចុប្បន្នផ្លូវមួយខ្សែនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ៕ សេង ណារិទ្ធ