សមត្ថកិច្ចខេត្តបាត់ដំបង រកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា សមត្ថកិច្ចបានរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ បានបន្តទៀតថា ចំពោះអាវុធទាំង ៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះ ជាប្រភេទ AK ស្វ័យបត់ ៣០ដើម បង់ ៤០បង់ និង អាវុធ M79 ចំនួន០៣ដើម ផងដែរ ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា បន្ទាប់ពីបានទទួលដំណឹងនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវរុករកប្រភពបន្ថែមទៀត និងបន្តស្រាវជ្រាវរកមុខសញ្ញា។

ខណ:នេះ សមត្ថកិច្ចបានយកអាវុធទាំងអស់នោះ មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង ។