អាជ្ងាធរខេត្តកំពង់ធំកំពុងរៀបចំប្រារព្ធពិធីបុណ្យទន្លេក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យមើលទីតាំង និងរៀបចំកន្លែងសម្រាប់បុណ្យទន្លេ ដែលនឹងធ្វើឡើងនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
អាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំទីតាំងដើម្បីបុណ្យទន្លេនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
តាមការបញ្ជាក់របស់លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាត្តិឲ្យខេត្តកំពង់ធំប្រារព្ធកម្មវិធីបុណ្យទន្លេ ដែលឱដ៏សំខាន់សម្រាប់ខេត្ត ដើម្បីបង្ហាញពីសមិទ្ធផល និងការអភិវឌ្ឍផ្សេងៗ។ លោកបន្តថា ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។ ទន្ទឹមនេះដែរ ទីតាំងដែលនឹងត្រូវរៀបចំនោះ គឺនឹងធ្វើនៅលើសួនស្ទឹងសែន ស្ថិតនៅស្ទើរចំកណ្តាលប្រទេសកម្ពុជា ដែលទីតាំងបេះដូងសេដ្ឋកិច្ចសំខាន់ក្នុងខេត្តកំពង់ធំ។ ដើម្បីឲ្យកម្មវិធីនេះ អាចដំណើរការបាន អាជ្ញាធរខេត្ត រួមជាមួយមន្ទីរពាក់ព័ន្ធ នឹងរៀបចំសណ្តាប់ធ្នាប់ ឲ្យបានល្អ ជាពិសេស កំពុងរៀបពង្រីកសួនបន្ថែម អំពាវនាវដល់ប្រជាពលរដ្ឋដែលមានកេហដ្ឋានស្ថិតនៅតាមដងផ្លូវ មានថ្នាំពណ៌ចាស់ ត្រូវកែលម្អកេហដ្ឋានឡើងវិញ។ គ្រប់ដើមឈើនៅតាមដង នឹងរៀបចំកាត់តែងមែក តាំងភ្លើងសម្រាប់លម្អផងដែរ។ លោកបញ្ជាក់ថា កម្មវិធីបុណ្យទន្លេ គឺជាកម្មវិធីដ៏ធំ ដែលធ្វើការការប្រារព្ធ ធ្វើឡើងលើកដំបូង នៅខេត្តក្រចេះក្នុងឆ្នាំ២០១៥, លើកទី២ ធ្វើឡើងនៅខេត្តកំពង់ចាម (រាប់ទាំងខេត្តត្បូងឃ្មុំ), លើកទី៣ ធ្វើឡើងនៅខេត្តស្ទឹងត្រែង លើកទី៤ ធ្វើឡើងនៅខេត្តកណ្ដាល និងលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។ ចំពោះខេត្តកំពង់ធំ គឺជាការលើកទីប្រាំមួយ សម្រាប់ប្រទេសកម្ពុជាផងដែរ។
លោកអភិបាលរង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេសចូលរួមក្នុងសកម្មភាពលាបថ្នាំពណ៌ផ្ទះ និងរក្សាសណ្តាប់ធ្នាប់គ្រប់ដងផ្លូវក្នុងក្រុងស្ទឹងសែន ដែលជាទីតាំងសម្រាប់ប្រារព្ធកម្មវិធី។