ផ្លូវបេតុង៤ខ្សែក្នុងក្រុងកំពត បានស្ថាបនារួចរាល់ជាបន្តបន្ទាប់ ខណៈផ្លូវជាច្រើនខ្សែទៀតកំពុងដាក់គម្រោងជួសជុលក្នុងឆ្នាំ២០២២នេះ

(ខេត្តកំពត)៖ អភិបាលក្រុងកំពត បានប្រាប់ឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងកំពតនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ពិសេសភារកិច្ចជួសជុលកែលំអផ្លូវថ្នល់ និងលូបង្ហូរទឹក តាមភូមិសាស្ត្រក្នុងសង្កាត់និមួយៗនៃក្រុងកំពត។

ឆ្លើយតបជាមួយអ្នកយកព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១កន្លងមក រដ្ឋបាលក្រុងកំពត បានស្ថាបនា ជួសជុលពីផ្លូវក្រួសក្រហម ទៅជាផ្លូវបេតុងបានចំនួន៤ខ្សែ រួមមាន៖ផ្លូវបេតុងថ្មីក្នុងសង្កាត់ក្រាំងអំពិលប្រវែង ៣,៣០៧ ម៉ែត្រ និងលូ ១,៤០០ម៉ែត្រ ,សង្កាត់កំពង់កណ្តាលផ្លូវបេតុងថ្មី ប្រវែង ៣៦៥ម៉ែត្រ,សង្កាត់កំពង់បាយផ្លូវបេតុងថ្មី ប្រវែង ៣៩២ម៉ែត្រ ,និងសង្កាត់ត្រើយកោះ ផ្លូវបេតុងថ្មីប្រវែង ៤៥០ម៉ែត្រ សរុប ៤,៥១៤ម៉ែត្រ។

លោកអភិបាលក្រុងបានបន្តថា ចំពោះផ្លូវបេតុងដែលកំពុងជួសជុលនៅដើមឆ្នាំ២០២២នេះ ស្ថិតត្រង់ចំណុចផ្សាររុយ ក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត មានប្រវែង២៦០ម៉ែត្រ។ដោយឡែកចំពោះគម្រោងជួសជុលផ្លូវចាស់ទៅជាផ្លូវក្រាលបេតុងថ្មីមានប្រវែងសរុប ២,៦២០ម៉ែត្រទៀត រដ្ឋបាលក្រុងកំពត នឹងគ្រោងជួសជុលជាបន្តបន្ទាប់។

លោកអភិបាលក្រុងកំពត បានបញ្ជាក់បន្ថែមថា គម្រោងអទិភាពដែលនឹងត្រូវអនុវត្តមានចំនួន៧គម្រោងទៀតនោះសុទ្ធតែត្រូវជួសជុលជាផ្លូវបេតុងនិងមានរៀបចំប្រព័ន្ធលូយ៉ាងត្រឹមត្រូវ ទៅតាមស្តង់ដា ដូចជាផ្លូវខាងកើតពហុកីឡដ្ឋាន(តារាងបាល់)មានប្រវែង ១៥០ម៉ែត្រ ,ផ្លូវបេតុងមិត្តភាព ប្រវែង ២៧០ម៉ែត្រ ,ផ្លូវបេតុងខាងក្រោយក្រុមហ៊ុន ស៊ុយហ្ស៊ុយគី ប្រវែង ៨៥០ម៉ែត្រ,ផ្លូវខាងជើងសង្កាត់ក្រាំងអំពិល(ចាស់) ប្រវែង ៣៥០ម៉ែត្រ,ផ្លូវតភ្ជាប់ស្រីម៉ៅ ប្រវែង៤៥០ម៉ែត្រ,ផ្លូវចំណុចអនុវិទ្យាល័យ ក្នុងសង្កាត់ត្រើយកោះ ប្រវែង១៥០ម៉ែត្រ និងផ្លូវក្នុងសង្កាត់អណ្តូងខ្មែរ ប្រវែង៤០០ម៉ែត្រ ។ចំពោះហេដ្ឋារចនាសម្ព័នផ្លូវទាំង៧គម្រោងនេះ រដ្ឋបាលក្រុងនឹងចាប់ផ្តើមអនុវត្តជាបន្តបន្ទាប់ តាមការគ្រោងទុក៕ សេង ណារិទ្ធ