អតីតថ្នាក់ដឹកនាំមូលដ្ឋានអតីតCNRP ក្រុងកំពង់ចាម ស្ម័គ្រចិត្តសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

កំពង់ចាម​:​ ដោយមើលឃើញពីគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ មានបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP ចំនួន​៥រូប​ មកពីសង្កាត់ចំនួន២ ក្នុងក្រុងកំពង់ចាម បានស្ម័គ្រចិត្តសុំចូល​រួមរស់​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តកំពង់ចាម។

អតីតCNRPទាំង​ ៥រូប ដែលស្ម័គ្រចិត្តសុំចូលមកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមមាន÷ 

         ១-លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស CNRP ប្រចាំក្រុងកំពង់ចាម ។

          ២-លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ CNRP ។

          ៣-លោស្រី អុឹម សុខហេង អតីតបេក្ខជន CNRP បម្រុងសង្កាត់កំពង់ចាម ។

          ៤-លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស CNRP​ ។ 

          ៥-លោក ហួន សុខ អតីតសមាជិកបក្ស CNRP ។

បន្ទាប់ពីបានធ្វើពិធីបញ្ចូលតាមលក្ខន្តិកៈដែលបានកំណត់រួចមក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានមានមតិសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយឯកឧត្តមប្រធានបានស្នើឲ្យបងប្អូនចូលរួមគោរពលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា និងសូមរក្សាគោលជំហរស្មោះត្រង់ជាមួយគណបក្ស និងរាជរដ្ឋាភិបាល កុំវៀចវេរតាមការអូសទាញរបស់គណបក្សណាមួយ ហើយសូមបងប្អូនបន្តចលនាអូសទាញបងប្អូនដែលជាអតីតបក្សប្រឆាំងឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ។

 ឯកឧត្តមប្រធាន បាន​បញ្ជាក់​ថា គណបក្សប្រជាជនកម្ពុជា សូមបើកទ្វារចំហរចាំទទួលស្វាគមន៍បងប្អូន ដែលភ្ញាក់រលឹកខ្លួន ដើម្បីមកចូលរួមបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគ្រប់ពេល ៕