ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់អនុសាសន៍បីចំណុចដល់សហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ សម្រាប់យកទៅអនុវត្តបន្តនាពេលខាងមុខ ឲ្យបានកាន់ល្អប្រសើរថែមទៀត

0

ខេត្តព្រះវិហារ៖ ការថ្លែងផ្តល់អនុសាសន៍ ៣ ចំណុចរបស់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី គឺបានធ្វើឡើងក្នុងពេលដែលលោក បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសសមាសភាព គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ និងជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក. ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី១៨កុម្ភះឆ្នាំ២០២២។

នៅក្នុងពិធីនោះផងទៀត ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក យុង គឹមហ៊ាន ប្រធានស.ស.យ.ក.ខេត្តព្រះវិហារ និងលោក លោកស្រី ជាប្រធានស.ស.យ.ក.ខេត្ត ថ្នាក់ដឹកនាំខេត្ត និងអង្គភាពចំណុះរដ្ឋបាលខេត្ត ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការស.ស.យ.ក.ខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពជុំវិញខេត្តព្រះវិហារ ផងដែរ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​លោក ហ៊ុន ម៉ានី បានថ្លែងដាក់ចេញនូវអនុសាសន៍ ៣ចំណុច ដល់ស.ស.យ.ក. ខេត្តព្រះវិហារ​ គឺ ១-ត្រូវចូលរួមរៀនសូត្រ និងស្តាប់ការដឹកនាំ របស់ថ្នាក់ដឹកទាំងថ្នាក់ជាតិ និងមូលដ្ឋានគ្រប់ជាន់ថ្នាក់ ទស្សនៈ បទពិសោធន៍របស់ថ្នាក់ដឹកនាំ ដែលជាឱកាសនៃការបង្កើតជាគំនិតមួយ ក្នុងការអភិវឌ្ឍសមត្ថភាព ,២-ត្រូវចូលរួមក្នុងសកម្មភាពស្របតាមទិសដៅរបស់ រាជរដ្ឋាភិបាល ព្រោះកន្លងមក ស.ស.យ.ក. ធ្លាប់ទទួលបានភាពជោគជ័យយ៉ាងច្រើន ប្រកបដោយភាពទទួលខុសត្រូវ និងការទទួលស្គាល់ពីសំណាក់មហាជនទូទាំងប្រទេស និង ៣-ត្រូវបន្តអនុវត្តសកម្មភាពដែលជាគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក ផ្ទាល់ រួមមានកម្មវិធីនានាដែលស.ស.យ.ក. បានផ្តួចផ្តើម និងរៀបចំកន្លងមក ទាំងថ្នាក់មូលដ្ឋាន រាជធានី-ខេត្ត ថ្នាក់ជាតិ និងអន្តរជាតិ។

ស្របពេលជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន គប្បីរក្សាបាននូវយន្តការនៃការកសាងអំពើល្អ ការលើកទឹកចិត្ត ការផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងត្រូវធ្វើជាគំរូល្អដល់អ្នកជំនាន់ក្រោយ។

លោក ហ៊ុន ម៉ានី បានបន្តក្រើនរំលឹក ដល់យុវជនជំនាន់ក្រោយ ឲ្យខិតខំថែរក្សាកេរ្តិ៍មរតក វប្បធម៌ ដែលដូនតាបានបន្សល់ទុកឲ្យ ពិសេស ត្រូវរួមគ្នាថែតក្សាប្រាសាទព្រះវិហារ ដែលជាមរតករបស់កម្ពុជា និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល បានខិតខំកសាង និងអភិវឌ្ឍ ឲ្យបានគង់វង្ស ដើម្បីបម្រើឲ្យបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែង ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការចូលរួមពីសំណាក់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តព្រះវិហារ លើកិច្ចការងារសប្បុរសធម៌ និងកិច្ចការងារសង្គមធម៌។ ដូច្នេះ សូមមាសមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់ ត្រូវបន្តរក្សាឲ្យបាន នូវវប្បធម៌សាមគ្គីភាព ឯកភាព ជួយឧបត្ថម្ភគាំទ្រ និងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ជាមួយគ្នាជាបន្តទៀត។ លោកបានថ្លែង ចាត់ទុក «សហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ គឺជាដៃគូសហប្រតិបត្តិការដ៏ល្អមួយ ក្នុងការរួមចំណែកអភិវឌ្ឍខេត្តព្រះវិហារ»។

ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានឡើងប្តេជ្ញាចិត្តថា នឹងបន្តអនុវត្តតាមយ៉ាងម៉ឹងម៉ាត់ ស្របតាមគោលការណ៍ ដែលបានចង្អុលបង្ហាញរបស់អភិបាលខេត្ត និងលោក ហ៊ុន ម៉ានី ​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​,គោរព គាំទ្រ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ លើកកម្ពស់សមត្ថភាពយុវជនទាំងក្នុងរង្វង់ ស.ស.យ.ក ក៏ដូចយុវជនឯទៀតនៅទូទាំងខេត្ត និងចូលរួមជាកម្លាំងចលករមួយ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ»។

គួបញ្ជាក់ថា ពិធីប្រកាសសមាសភាព និងសំណេះសំណាល នៅក្នុងខេត្តព្រះវិហារ នាពេលនេះ គឺជាផ្នែកមួយនៃបេសកកម្មទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ របស់លោក ហ៊ុន ម៉ានី ហើយខេត្តព្រះវិហារ គឺជាខេត្តទី៣ នៃបេសកកម្មនេះ បន្ទាប់ពីខេត្តព្រះសីហនុ និងខេត្តកំពត៕ដោយ៖ឡុង សំបូរ