ជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជុនទៅកាន់តុលាការរួមនឹងគ្រឿងញៀនជាង៥គីឡូនិងសារធាតុផ្សំ ១៣គីឡូក្រាម

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់ រួមនឹងគ្រឿងញៀនជាង ៥ គីឡូក្រាម ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលា ដើម្បីចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។

ជនជាតិចិនខាងលើ ឈ្មោះ Su Yunshi ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅចំណុចបន្ទប់លេខ ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។ ក្នុងការឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានដកហូតបានវត្ថុតាងបានមួយចំនួន រួមមាន៖ មេតំហ្វេតាមីន (WY) ទម្ងន់ជាង ២គីឡូក្រាម, អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ២គីឡូក្រាម, កេតាមីន(KETAMIN) ទម្ងន់ ២១៩.៣៥ ក្រាម, នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦៤ ក្រាម, កញ្ឆាក្រៀម ៤គីឡូក្រាម, សារធាតុផ្សំ ១៣គីឡូក្រាម រួមទាំងឧបករណ៍កែច្នៃមួយចំនួនធំ។

សូមជម្រាបជូនថា ការបង្ក្រាបធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ហើយបច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕អត្ថបទ៖ Reach