សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត នេះគឺជាប្រធានបទក្នុងឱកាសអបអរសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ១៩១១ ៨ មីនា ២០២២

បន្ទាយមានជ័យ៖ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគតនេះគឺជាប្រធានបទ ក្នុងឱកាសអបអរសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨មីនា ១៩១១ ៨ មីនា ២០២២ ដែលមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ នាថ្ងៃទី ៩ មឋិនា។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្តបានលើកឡើងថា ការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនាថ្ងៃនេះឡើង គឺដើម្បីលើកឡើងវិញ ដោយការឈឺចាប់យ៉ាងពុះពោរជាប់ជានិច្ច ចំពោះអំពើកៀបសង្កត់កេងប្រវ័ញ្ចហូសប្រមាណនោះ នៅថ្ងៃទី ៨ មីនាឆ្នាំ ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុង ស៊ីកាហ្គោនិងញវយក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នា ក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ទាមទារឲ្យបន្ថយម៉ោងធ្វើការ ហ្នឹងតម្លើងប្រាក់បៀវត្ស។ ប៉ុន្តែជាលទ្ធផល កម្មការិនីទាំងនោះត្រូវបានទទួលការកៀបសង្កត់យ៉ាងពេញទំហឹង ត្រូវគេចាប់ចងធ្វើទារុណកម្ម នឹងត្រូវបណ្ដេញចេញពីរោងចក្រ។ ទោះបីត្រូវទទួលការឈឺចាប់ នឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរក៏ដោយ កម្មការិនីនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធតស៊ូ ស្វិតស្វាញងើបឈរឡើងតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត បង្ខំឲ្យពួកម្ចាស់រោងចក្រសហគ្រាសត្រូវតែទទួលយល់ស្របតាម។ ដើម្បីតស៊ូឲ្យកម្មការិនីទាំងនោះបានលើកទឹកចិត្តយ៉ាងខ្លាំងខ្លា ចំពោះចលនានារីពលករលើសកលលោកទាំងមូល។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ប្រធានបទនៃពិធីអបអរសាទរខួបលើកទី ១១១ ទិវានារីអន្តរជាតិនៅឆ្នាំ២០២២ នេះគឺ សំដៅលើការលើកកម្ពស់និងចូលរួមអនុវត្តការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ពង្រឹងសមភាពយេនឌ័រ ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិនិងការបញ្ជ្រាបយេនឌ័រ ដែលជាកិច្ចការអន្តរវិស័យក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍដូចមានការកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចក្ខុវិស័យកម្ពុជា នាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ។
ឯកឧត្តម អ៊ុ រាត្រី បន្តថា គោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រនៅកម្ពុជានេះ នឹងក្លាយជាក្របខ័ណ្ឌគោលនយោបាយដ៏សំខាន់ និងជាផែនទីចង្អុលទិសក្នុងការលើកកម្ពស់សមភាពយេនឌ័រតាមរយៈ ការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីតាមវិស័យ និងស្ថាប័ន ជំរុញកម្ពស់សមភាពយេនឌ័រជាពិសេសវប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរសទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ នឹងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕ដោយ៖ឃិន គន្ធា