ស្ត្រីវ័យ១៧ឆ្នាំ ធ្វើអត្តឃាតសម្លាប់ខ្លួនសង្ស័យព្រោះមានវិបត្តិស្នេហា

(កំពង់ធំ)៖ នារីវ័យក្មេងម្នាក់បាន ដើរចុះក្នុងទឹកធ្វើអត្តឃាត សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរនោះ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១៥:១៥នាទី នៅចំណុចរមណីយដ្ឋានអូមាន ស្ថិតក្នុងភូមិជាំផល ឃុំជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

 

ប្រភព អធិការនគរបាល ស្រុកសណ្ដាន់បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ គា សុឃឹះ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។បងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ គា ឃីម អាយុ៣២ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ ម៉ោងប្រមាណ ១៤:៣៦នាទី ខ្លួនកំពុងអង្គុយលេងនៅផ្ទះ ស្រាប់តែប្អូនស្រីឈ្មោះ គា សុឃឹះ បានទេទូរសព្ទប្រាប់ថាមកយកប្អូននៅអូមានផង ប្អូនពិបាកចិត្តខ្លាំងណាស់សម្លាប់ខ្លួនឥឡូវហើយ។ ខ្លួនក៏សួរថាតើមានរឿងអ្វី? ជនរងគ្រោះក៏បានឆ្លើយថាប្អូនខូចចិត្តរឿងស្នេហា ភ្លាមនោះក៏បិទទូរស័ព្ទតែម្ដង។

បន្ទាប់ពីបិទទូរសព្ទហើយខ្លួនព្យាយាមខលទៅ ប៉ុន្តែមិនចូលក៏ប្រញាប់ប្រាប់បងប្អូនឲ្យជួយ តាមរកប្អូននៅកន្លែងលេងទឹកអូមានតែម្ដង។ ពេលមកដល់អូរមានខ្លួនបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហើយក៏នាំគ្នាចុះរកនៅក្នុងទឹកក៏ប្រទះឃើញប្អូនស្រីប៉ុន្តែដាច់ខ្យល់ស្លាប់បាត់ហើយ។

 

ជាមួយគ្នានោះកម្លាំងជំនាញស្រុក ប៉ុស្តិ៍រដ្ឋបាល ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ និង ពេទ្យបានចុះពិនិត្យដល់កន្លែងកើតហេតុ ពិនិត្យឃើញថា សពមានសភាពប៉ោងពោះ ហូពពុះទឹកលាយឈាមពណ៌ក្រហមព្រឿងៗ តាមច្រមុះ ក្រៅពីនេះមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ដូច្នេះតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថាសពពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី។