ផឹកស៊ីស្រវឹងឈ្លោះប្រពន្ធ បុរសម្នាក់ទាញកៅអីវាយត្រូវកូនអាយុជាងមួយខួបស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានផឹកស្រាស្រវឹងឈ្លោះគ្នាជាមួយប្រពន្ធ រួចទាញចង់វ៉ាយប្រពន្ធ តែមិនបែរជាត្រូវចំកូនស្រី អាយុជាងមួយខួបដែលដេកក្បែរម្ដាយ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ជនដៃដល់ជាឱពុកឈ្មោះ លួស ធំ អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ មានប្រពន្ធឈ្មោះ ខន ខួច អាយុ ៣៨ឆ្នាំ។ ចំណែកកុមារីរងគ្រោះឈ្មោះ លួស ស្រីនី អាយុមួយខួបប្រាំពីរខែ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុបុរសជាប្ដី បានផឹកស៊ីនៅផ្ទះមិត្តភ័ក្ត រស់នៅភូមិជាមួយគ្នា ហើយស្រវឹងរៀងៗខ្លួន។ ពេលដែលផឹកសប្បាយអស់ចិត្តក៏វិលត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះ ក៏បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធ។ ខណៈកំពុងឈ្លោះគ្នាប្រពន្ធបានបីកូនទៅដេកនៅក្នុងមុង ធ្វើឲ្យប្តឹរឹតតែខឹង ក៏ទាញកៅអីជ័រវាយទៅលើប្រពន្ធ ដែលកំពុកដេកជាមួយកូនស្រី បណ្តាលឲ្យត្រូវកូនស្រីមួយកៅអីជ័រចំសៀតផ្ការខាងស្តាំរបួសធ្ងន់ និងត្រូវម្តាយរបួសស្រាល ពេលម្តាយដឹកបញ្ជូនកូនស្រីទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅនឹងមន្ទីរពេទ្យតែម្តង។

បច្ចុប្បន្ន បុរសជាឱពុកត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកមកអធិការស្រុកថ្មពួក ដើម្បីសួរដើមរឿង និងបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនទៅតុលាខេត្ត នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីផ្ដន្ទាទោសតាមផ្លុវច្បាប់៕