ចាប់ជនសង្ស័យ២នាក់ តាមដីការបស់ព្រះរាជអាជ្ញា ករណីក្លែងបន្លំឯកសារសាធារណៈ និងយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋទៅលក់ដូរ

កំពង់ធំ: ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីក្លែងឯកសារសាធារណៈ និងយកទ្រព្យជាអចលន វត្ថុឯកជន របស់រដ្ឋទៅលក់ដូរ ត្រូវកម្លាំងនគរបាលខេត្តកំពង់ធំ តាមស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ។

មន្រ្តីនគរបាលខេត្តកំពង់ធំ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ ជនសង្ស័យទាំង២ នាក់ ត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឆាយ សុត្រា បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់រួមមាន៖
ទី១៖ ឈ្មោះ អ៊ុត លន់ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាជនសង្ស័យ)។
ទី២៖ ឈ្មោះ ឡុញ ញាញ់ ភេទប្រុសអាយុ៥៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិសិរីសាមគ្គី ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជនសង្ស័យ)។

តាមដីកាបានបញ្ជាឱ្យជនសង្ស័យទាំង២នាក់ ចូល បង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការឱ្យបានមុនថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីករណៈ «ក្លែងបន្លំ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង រំលោភយកទ្រព្យជាអចលនវត្ថុឯកជនរបស់រដ្ឋ និងសុំឱ្យផ្តល់ ឯកសារដោយទុច្ចរឹត»។ ក្នុងករណី រឹងរូសអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈដើម្បីបង្គំជននោះឱ្យចូលបង្ហាញខ្លួន។ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលនាំយកទៅសួរនាំដើម្បីចាត់ការបន្តទៀត តាមនីតិវិធី៕