សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់យុទ្ធជនដែលរងរបួស ដោយសារផ្ទុះគ្រាប់យុទ្ធភ័ណ្ឌបន្សល់ពីសម័យសង្គ្រាម នៅក្នុងខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ យុទ្ធជនមួយរូបក្នុងចំណោមច្រើនរូបទៀត ដែលបាន និងកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរងរបួសដាច់ជើងម្ខាង គ្រាដែលដើរយាមល្បាតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន កាលពីល្ងាចថ្ងៃទី២១មីនា និងនៅថ្ងៃទី២២មីនានេះ យុទ្ធជនដែលរងរបួសដោយសារគ្រាប់មីននោះ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់អំណោយនោះ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនជនរងគ្រោះ ឈ្មោះ ទិត ហៃ ភេទប្រុស អាយុ ៣០ឆ្នាំ ឋានៈព្រិន្ទបាលឯក បម្រើការងារនៅក្នុងអង្គភាពកងអនុសេនាតូចលេខ២ នៃកងអនុសេនាធំលេខ១ របស់ផ្នែកសឹករងជាំក្សាន្ត ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ព្រិន្ទបាលឯក ទិត ហៃ គឺជាមន្ត្រីប្រចាំការ ការពារបូរណភាពទឹកដី នៅច្រកណងទឹម បានរងរបួសដាច់ក ជើងម្ខាងដោយសារជាន់មីន កាលពីម៉ោង ៤ល្ងាច ថ្ងៃទី២១មីនាឆ្នាំ២០២២ គ្រាដើរល្បាតនៅក្នុងភូមិសាស្ត្រ ភូមិឈើទាលគង ឃុំឈើទាលគង ស្រុកជាំក្សាន្ត និងក្រោយរងរបួស ជនរងគ្រោះត្រូវបានបញ្ជូនមកសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ​ លោកស្រី ចឹក ហេង  បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ហើយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច។

លោកស្រី ចឹក ហេង បានផ្តាំផ្ញើដល់ព្រិន្ទបាលឯក ទិត ហៃ ឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ បានចូលបម្រើការងារនៅក្នុងអង្គភាព និងការជួបជុំក្រុមគ្រួសារវិញ។

បន្ទាប់មកលោកស្រី ចឹក ហេង ក៏បានផ្តល់អំណោយដល់ជនរងគ្រោះដោយសារគ្រាប់មីន រួមមាន៖ ទឹកបរិសុទ្ធ ៣កេស ទឹកក្រូច ៣កេស ទឹកដោះគោឆៅ ២យួរ ឃីត១កញ្ចប់ និងថវិកា ១លានរៀល និងបានឧបត្ថម្ភថវិកាជូនអ្នកជំងឺ ៤នាក់ផ្សេងទៀត ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ថែមទៀតផង៕ដោយ៖ឡុង សំបូរ