សមត្ថកិច្ចខេត្តសៀមរាប ចាប់រថយន្តបែនមួយគ្រឿង ដឹកថ្មបង្កប់ឈើពីក្រោម

0

ខេត្តសៀមរាប៖ រថយន្តបែនដឹកថ្មមួយគ្រឿង លួចបង្កប់ឈើពីក្រោម ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅថ្ងៃទី១មេសាឆ្នាំ២០២២នេះ ស្ថិតនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ត្រីព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា រថយន្ត១គ្រឿងដែលរងការបង្ក្រាបនៅពេលនេះ ជារថយន្តបែនដឹកថ្មពីលើ និងលួចបង្កប់ឈើពីក្រោម រថយន្តនេះពាក់ស្លាកលេខ ភ្នំពេញ ៣E-៩៣៩៥ ពណ៌សលាយខ្មៅ ប្រភេទកង់ ១០។ លោកថា ក្រោយការបង្ក្រាប វត្ថុតាងត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។

ប្រភពបានឲ្យដឹងថា ម្ចាស់រថយន្តដឹកឈើនេះមាន ឈ្មោះ លីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ ត្រូវបានប្រភពអះអាងថា បានធ្វើសកម្មភាពជាយូរមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ និងដែនសមត្ថកិច្ចជាច្រើនកន្លែង នៅក្នុងខេត្តព្រះវិហារ៕