អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ

0

ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំការធ្វើសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង/ស្រុក ដើម្បីបង្កបរិយាកាស សប្បាយ រីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តប៉ៃលិន។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញានៅឆ្នាំនេះត្រូវរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យបានអធិកអធម សម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ព្រោះយើងខាន២ឆ្នាំមកហើយ ដូច្នេះរដ្ឋបាលខេត្តនឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅទីតាំងមួយចំនួនក្នុងខេត្ត ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គ.ស. ២០២២។
លោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានណែនាំបន្ថែម ដល់ក្រុមការងារបច្ចេកទេស ត្រូវរៀបចំភ្លើងបំភ្លឺតាមសាធារណៈ ដូចជានៅតាមដងផ្លូវ និងសួនច្បារនានាក្នុងក្រុងប៉ៃលិន ឱ្យបានស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ថែមទៀតផង ។ ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ បានលើកទឹកចិត្តដល់មន្ត្រី និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន និងអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបង្ការការឆ្លងរីករាលដាលនូវវីរុសកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដោយធ្វើយ៉ាងណាធានាដល់សុខុមាលភាពជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មិនមានផលប៉ះពាល់ពីបញ្ហាជំងឺកូវីដ-១៩ ក្រោយមកទស្សនាកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៅ ខេត្តប៉ៃលិន ប្រកបដោយភាពសុខសាន្ត ផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ គ.ស. ២០២២នេះ គឺប្រព្រឹត្តទៅ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ដោយមានទេធីតា ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់កង្វេរ ព្រហស្តឆ្វេង ទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជា យានពាហនៈ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន