យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលលួចមើលប្រុសដូចគ្នាងូតទឹកស្រាត

0

សៀមរាប៖ យុវជនម្នាក់បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីឆក់ខ្សែភ្លើង ពេលដែលលបលួចមើលប្រុសងូតទឹកស្រាតក្នុងបន្ទប់ទឹកករណីនេះបានកើតឡើង វេលាម៉ោង១៧:៣០ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រោយសណ្ឋាគារអង្គរអេរ៉ា កន្លែងលាងឡាន យីហោ P.S CAR WASH ភី.អេស មជ្ឈមណ្ឌលថែទាំ និង សំអាតរថយន្ត ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងនិងខេត្តសៀមរាប។
លោកអនុ.ឯក ឡឹក ពុធឆាត នាយរងអនុប៉ុសិ៍នជ្រាវបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត នោះមានឈ្មោះ ទុយ តាន អាយុ១៧ឆ្នាំ មុខរបរ កម្មករលាងឡាន នៅចំណុចកើតហេតុខាងលើ មានទីលំនៅភូមិពាមតាអួ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា យោងតាមការបំភ្លឺមិត្តរួមការងារ របស់សាកសព បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុ មេឃភ្លៀងពេញមួយថ្ងៃ គ្មានភ្ញៀវចូលមកលាងឡានទេ លុះល្ងាចឡើងម៉ោងប្រហែល ១៧:៣០ នាទី ឈ្មោះ ទុយតាន(សាកសព) បានប្រលែងគ្នាលេងជាមួយនឹងឈ្មោះ ផល ភា បានមួយសន្ទុះឈ្មោះ ផល ភា ក៏ចូលងួតទឹកក្នុងបន្ទប់ទឹក ដោយឡែក ឈ្មោះ ទុយ តាន ដែលជាមនុស្សចូលចិត្តលេងច្រើនចេះតែបន្តលេង ដោយយកកាដងទឹក ពីចានដែកខ្មៅនៅខាងក្រៅ ជះដាក់ឈ្មោះ ផល ភា ដែលកំពុងងួតទឹកនៅខាងក្នុងបន្ទប់ជាច្រើនសារ លេងជះទឹកមិនអស់ចិត្ត ឈ្មោះ ទុយ តាន បានឡើងតាមជញ្ជំាងបន្ទប់ទឹក(ទ្វារមុខ) លូនក្បាលនឹងដងខ្លួនចូលទៅក្នុងបន្ទប់ទឹក ក្នុងគោលបំណងមើលឈ្មោះ ផល ភា ងួតទឹកស្រាត ក៏ប៉ះនឹង អំពូលភ្លើង មានខ្សែភ្លើងស្រាតនៅក្បែរបន្ទប់ទឹកនោះ ទើបបណ្ដាលឲ្យឆក់តែម្ដងទៅ។
លោកបញ្ជាក់ថា សាកសពមិនបានស្លាប់នៅកន្លែងកើតហេតុទេ គឺស្លាប់ពេលយកទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ការពិនិត្យស្លាកស្នាម ផ្នែកក្បាល : មានស្ថានភាពធម្មតា ផ្នែកដងខ្លួន មានស្ថានភាពធម្មតា ផ្នែកអវះ យវះ: មានស្នាមឆក់ខ្សែភ្លើងនៅចំណុចភ្លៅខាងឆ្វេង និង ស្មាខាងស្ដំា សន្និដ្ឋានៈ យោងតាមការបំភ្លឺ ពីមិត្តរួមការងារ និង ការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និង ផ្អែកតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យ វិច័យ សាកសពស្លាប់ដោយសារឆក់ខ្សែភ្លើងសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕