ប្រាសាទ សក្ល ឬ(ប្រាសាទប្រុស) កំពុងធ្វើការជួសជុលឱ្យរឹងមាំឡើងវិញទុកឲ្យកូនចៅជំនាន់ក្រោយ បានស្គាល់អំពីស្នាដៃរបស់បុព្វបុរសខ្មែរយើង ស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូកស្រុកកំពង់លែង

កំពង់ឆ្នាំង៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ សហការជា មួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីធ្វើការជួស
ជុលប្រាសាទ មួយកន្លែងស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។

លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទឱ្យដឹងថា ដោយមើលឃើញសភាពទ្រុឌទ្រោមរបស់ប្រាសាទ ឈ្មោះប្រាសាទសក្ល (ឬប្រាសាទប្រុស) ស្ថិតក្នុងស្រុកកំពង់លែង ទើបក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈ ដែលដឹកនាំដោយលោកអ៊ុក សុខា អគ្គនាយកបេតិកភណ្ឌជាតិនៃក្រសួងវប្បធម៌ ដើម្បីធ្វើការជួសជុលឲ្យមានជំហររឹងមាំយូរអង្វែងរាប់រយឆ្នាំតទៅមុខ សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវស្នាដៃរបស់បុព្វបុរសខ្មែរយើង។

លោកបានបន្តឲ្យដឹងទៀតថា នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មាន៥ ប្រាសាទ ១. ប្រាសាទប្រុស ស្ថិតក្នុងឃុំច្រណូក,២.ប្រាសាទ ស្រី ស្ថិតក្នុងឃុំដា, ៣.ប្រាសាទមានបុណ្យ នៅលើកំពូលភ្នំ ស្ថិតក្នុងឃុំច្រណូក, ៤.ប្រាសាទថ្នមប្ដី ប្រាសាទនេះមានរូប រាងដូចគ្នា ហើយប្រាសាទទាំងពីរនេះ ស្ថិតក្នុងឃុំដា ,ស្រុកកំពង់លែង។ដោយយឡែកប្រាសាទទាំងអស់ខាងលើនេះ ក៏មានសភាពទ្រុតទ្រោម ហើយបច្នុប្បន្ននេះកំពុងបន្តធ្វើការជួសជុលផងដែរ។

ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាប្រាសាទបុរាណខ្មែរយើង ដែលកំពុងលាក់ខ្លួននៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដែលមានទីតាំងដូចបានជំរាបជូនខាងលើ បើបងប្អូនអញ្ជើញមកទស្សនា មើលប្រាសាទដូនតាយើងនៅក្នុងស្រុកកំពង់លែង ពេលមកដល់ទីរួមខេត្តកំពង់ឆ្នាំង ចំណុចផ្សារក្រោម ឆ្លងសាឡាងបន្តមកកាន់ស្រុកកំពង់លែង ធ្វើដំណើរបន្តតាមផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមចូលដល់គ្រប់ប្រាសាទតែម្ដង៕ សុខ គឹមសៀន