អាវុធហត្ថខេត្តប៉ៃលិន បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២២

ប៉ៃលិន ៖នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២២បានរៀបចំបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាស១ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង
បានឲ្យដឹងថា៖ ការបើកវគ្គនេះគឺអនុវត្តន៍តាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេស ក្នុងមួយឆ្នាំឲ្យបានពីរដង និងមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹង ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ចឲ្យបានលទ្ធផលល្អប្រសើរ ហើយក៏ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តភារកិច្ចការងាររក្សាសណ្ដាប់ធ្នាប់សាធារណ:បានល្អប្រសើរបន្ថែមទៀតផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវហ្វឹកហ្វឺនខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់យោធាចារ្យ ក្នុងការបង្ហាត់បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឲ្យបានច្បាស់លាស់ ហើយត្រូវចេះពិភាក្សាផ្លាស់ប្ដូរយោបល់ ផ្ដល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងផងដែរ ។
លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង បានសង្កត់ធ្ងន់ថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវលើកកម្ពស់ការទំនាក់ទំនង សាមគ្គី រក្សាវិន័យ សីលធម៌ និងការរក្សាសណ្ដាប់ធ្នាប់ក្នុងពេលហ្វឹកហ្វឺន ដើម្បីនៅពេលបញ្ចប់វគ្គ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ។ ហើយត្រូវមានទំនួលខុសត្រូវលើភារះកិច្ច ការងារ និងវគ្គបំប៉ន អោយបានល្អផងដែរ ៕អត្ថបទ ភ្នំខៀវ ប៉ៃលិន