ក្រុមការងារចុះជួយស្រុកមង្គលបូរីចុះពិនិត្យមើលគ្រឿងចក្រគៀកិនផ្លូវគ្រោះក្រហម១ខ្សែ ដែលមានប្រវែង ៣៥០០ម៉ែត្រឃុំបន្ទាយនាង

បន្ទាយមានជ័យ៖ដើម្បីឆ្លើយតបតាមការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីផលលំបាកក្នុងការធ្វើដំណើរ លោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី និងជាអភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាសុីណង អភិបាលស្រុកមង្គលបូរី និងលោក ឈូ ប៊ុនរឿង ប្រធានក្រុមការងារចុះជួយឃុំបន្ទាយនាង និងជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រគៀកិន ផ្លូវគ្រោះក្រហម១ខ្សែ ដែលមានប្រវែង ៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី កាលពីទី២៩ ខែមេសា ឆ្នាំ២០២២។
លោក រ័ត្ន ដាសុីណង បានមានមតិលើកឡើងថា៖ ផ្លូវ១ខ្សែដែលមានប្រវែង៣៥០០ម៉ែត្រ កំពុងយកគ្រឿងចក្រគៀកិននេះគឺចាប់ផ្តើមពីភូមិគោកព្នៅ ឃុំបន្ទាយនាង ដោយឆ្លងកាត់ចំនួន៣ភូមិ មានប្រជាពលរដ្ឋរស់នៅ១៩២៧គ្រួសារ ឆ្ពោះទៅពោធពីដើម ស្ថិតក្នុងភូមិរហាត់ទឹក ឃុំរហាត់់ទឹក ស្រុកមង្គលបូរី ដើម្បីបំពេញតាមសំណូមពរនិងសម្រួលដល់ការធ្វើដំណើរបណ្ដោះអាសន្នសិន។
ថ្លែក្នុងការចុះពិនិត្យលោក លី សារី ប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរី បានមានប្រសាសន៍លើកឡើងថា៖ តាមរយៈផ្លូវមួយខ្សែនេះគឺវាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗ។ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។ ជាក់ស្ដែងនារដូវភ្លៀងធ្លាក់ គឺវាពិបាកក្នុងការធ្វើដំណើរទៅមក តែពេលនេះបងប្អូនប្រជាពលរដ្ឋលែងមានការព្រួយបារម្ភទៀតហើយព្រោះយើងធ្វើការគៀកិន ដែលដំណើរការនៃការស្ថាបនា និងរួចរាល់ហើយ។
ជាមួយគ្នានោះលោកក៏បានធ្វើការណែនាំនិងសំណូមពរដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ខែទាំផ្លូវមួយខ្សែនេះឱ្យបានស្ថិតស្ថេរដើម្បីឱ្យមាននិរន្តរភាពប្រើប្រាក់បានយូរអង្វែងព្រោះមានស្ពាន មានផ្លូវមានក្តីសង្ឃឹម មានការរីកចម្រើន។
លោក លី សារី អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះ ជាបន្តទៀតដើម្បីបន្តសម្រេចបាននូវវឌ្ឍនភាពថ្មីៗជូនដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ដោយ៖ឃិន គន្ធា