បើករថយន្តប្រជែងគ្នាមិនប្រយ័ត្ន ទីបំផុតមានមួយគ្រឿងរេចង្កូតចុះប្រឡាយ ក្អួតមកសុទ្ធតែឈើ

ខេត្តកំពត៖ រថយន្តពីរគ្រឿងបើកបរក្នុងល្បឿនលឿនដូចគ្នា ហើយប្រជែងគ្នាយកថ្វៃដៃរឿងៗខ្លួន ទីបំផុតស្រាប់តែមានរថយន្តមួយគ្រឿងរេចង្កូតជ្រុលធ្នាក់ទឹកប្រឡាយ ក្អួតមកចេញសទ្ធតែឈើជជុះ តែសំណាងល្អ អ្នកបើកបរគ្រាន់តែរបួសស្រាលលាបប្រេងក្រឡា។

ហេតុការណ៍គួរឱ្យស្រៀវឆ្អឹងខ្នងនេះ បានកើតឡើងនៅវេលាម៉ោង៦និង១៥នាទី ព្រលប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានរូង ជាប់ប្រឡាយបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១ កំពង់ត្រាច-ភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបហេតុការណ៍ដ៏អាក្រក់នេះ គេឃើញរថយន្តពីរគ្រឿងបើកបរប្រដេញគ្នា ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចគ្រោះថ្នាក់ដែលជាចំណុចស្ពាន ស្រាប់តែរថយន្តប្រភេទសាមយ៉ុងដឹកឈើជជុះមួយគ្រឿងរេខុសផ្លូវជ្រុលធ្លាក់ក្នុងទឹកប្រឡាយប្រូងតែម្តង ប៉ុន្តែសំណាងល្អ អ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្តគ្រាន់តែរងរបួសស្រាលៗ ហើយនាំគ្នាស្រវេស្រាវាឡើងមកលើគោកវិញទាំងព្រលឹងចុងសក់។

ក្រោយពីកើតហេតុម្ចាស់រថយន្តបានហៅឡានស្ទូចមកស្ទូចលើកយករថយន្តទៅឱ្យជាងជួសជុលវិញភ្លាមៗ ដោយខ្ចិលហៅសមត្ថកិច្ចមករំខាន៕ សេង ណារិទ្ធ