អួតអាងពេលស្រវឹងថា ស្បែកស្វិត កាប់មិនមុត មានអីត្រូវមួយកាំបិត បញ្ជូនទៅពេទ្យ

ខេត្តបាត់ដំបង ÷ អតីតកងកម្លាំងប្រដាប់អាវុធម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសារតែគេបានអួតអាងក្នុងវង់ផឹកស៊ី ថាខ្លួនស្បែកស្វិត ហើយអោយមិត្តភ័ក្រ្តរួមតុ កាប់សាកល្បង មានអីកាប់ភ្លឹបចំក្បាល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ករណីអួតអាងរឿងមន្តអាគម អូមអាមនេះ បានកើតឡើង កាលពីល្ងាចថ្ងៃទី ៤ ខែឧសភា ២០២២ នៅ ចំណុចភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានមួយរូបបានបង្ហើបអោយដឹងថា នាល្ងាចកើតហេតុនោះ ជនរងគ្រោះឈ្មោះ ជា សារឿន អាយុ៥៥ឆ្នាំ ជាអតីតមន្រ្តីនគបាល រស់នៅភូមិ ឃុំ ខាងលើ បានចូលរួមក្នុងវង់ផឹកស៊ីជាមួយមិត្តភ័ក្រ្តយ៉ាងសប្បាយខ្ញៀវខ្ញា។

ប្រភពដដែលបានបន្តថា លុះដល់ពេលដែល ស្រវឹងស្រឿងៗ ចាប់ផ្តើមអួតរឿងថាខ្លួនស្បែកស្វិតកាប់មិនមុត ហើយក៏សូត្របាលីអោយកាប់សាក ខណៈពេលនោះអ្នកផឹកស៊ីក្នុងវង់ម្នាក់ឈ្មោះ ហម ចាន់ អាយុ៤៩ឆ្នាំ ជាមន្រ្តីស៊ីម៉ាក់ កងអនុសេនា តូចគ្រឿងចក្រកម្ទេចមីន PDM2 បានយកកាំបិតង៉ុក កាប់សាកមើល ស្វិតរឺមិនស្វិត មាន អីកាប់ភ្លឹប ឈាមក្បាលក.ខ្លាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះ ភ្លាមៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានបង្ហើបអោយដឹងថា មកទល់ល្ងាចថ្ងៃទី០៥ ខែឧសភា ជនរងគ្រោះដែលអោយគេកាប់នោះ បានមកផ្ទះវិញហើយ ចំណែកជនសង្ស័យ ជាមន្រ្តីស៊ីម៉ាក អ្នកចឹត្តសឿង ទាញកាំបិតកាប់សាកនោះ មិនរត់ ទៅណាទេ ដោយទំនង ភាគីទាំងពីរ ជួបជជែកគ្នាឈានទៅព្រមព្រៀងសម្របសម្រួលគ្នា បញ្ចប់រឿងមិនប្តឹងផ្តល់ ដោយសារជាមិត្តភ័ក្រ្តនឹងគ្នា៕ អត្ថបទ : ព្រាប.ស