មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បញ្ជាដល់កងកម្លាំងអន្តរាគមន៍ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពក្នុងដំណើរ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន បានដាក់បញ្ជាដល់កងកម្លាំងអន្តរាគមន៍ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលពិធីនេះប្រព្រឹត្តិទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងទាំងអស់មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅនឹងកន្លែងទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីត្រៀមអន្តរាគមន៍ដោះស្រាយយថាហេតុផ្សេងៗ ដែលអាចកើតមានឡើង ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ខែឧសភារហូតដល់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រគល់ភារកិច្ចដល់យោធិនទាំងអស់ ដែលជាកម្លាំងអន្តរាគមន៍ ត្រូវត្រៀមខ្លួននិងគ្រឿងបំពាក់ ព្រមទាំងមធ្យោបាយគ្រប់គ្រាន់នៅនឹងកន្លែង ២៤ម៉ោងលើ២៤ម៉ោង ដើម្បីរង់ចាំទទួលបទបញ្ជាចល័តអន្តរាគមន៍បានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោសោមស៊ុន បានអំពាវនាវដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅតាមឃុំសង្កាត់នីមួយៗត្រូវត្រៀមបម្រុងរាល់ ឯកសារគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ទៅចូលរួមបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនពេញចិត្តនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឲ្យបានគ្រប់គ្នាៗកុំបីខានឡើយ៕ ដោយ ប៊ុន រដ្ឋា