ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានលើកឡើងថា យុវជនជាកម្លាំងស្នូលក្នុងការ ផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

កំពង់ចាម : យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជាអស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបបអាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។ នេះជា ការ ថ្លែង របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជនទូទាំងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។

ក្នុង ពិធី នេះដែរ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បាន លេីកឡេីងថា ការជ្រើសរើសគណបក្សនយោបាយក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយបទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាព និងផាសុកភាព។ បន្ទាប់មក ទើបត្រូវការអ្នកសាងសង់ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបាននូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។ ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ជាក់ស្តែងយ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និងគ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផលលេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប ៕