គម្រោងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)នៅខេត្តសៀមរាប

ខេត្តសៀមរាប៖គម្រោងកែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក)មកធ្វើជាជីកសិកម្ម ជីមមោគ បានចាប់ផ្តើមដំណើរការជាផ្លូវការសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស¬ហៅកាត់ថាSIAAP ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថាASEN បានរួមគ្នាអនុវត្តនូវ គម្រោងផលិតជីសរីរាង្គក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន១លាន៧០០ពាន់អឺរ៉ូដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង
លោក ប្រាក់ សោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រីArianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានដំណើរការជាផ្លូវការ គម្រោងផលិតជីសរីរាង្គនេះ ។ គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ជីមមោគ កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស(លាមក) បង្កើតខ្សែសង្វាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការវិស័យកសិកម្ម។ កែលម្អអនាម័យសាធារណៈនិងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយ ។
ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន៤៥ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន១ពាន់ម៉ែត្រគូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។
លោក ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែឆ្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប បានធ្វើឲ្យក្រុងមានសោភ័ណភាពល្អ ធ្វើឲ្យទឹកហូរបានលឿនជៀសវាងទឹកលិចក្រុង ក៏ដូចជាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ ។លោក បានបន្តថា ជីមមោគនេះមានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេសសម្រាប់ដីដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជីនេះទៅ ធ្វើឱ្យដីនោះមានជីវជាតិអាចធ្វើឱ្យកសិករបង្កបង្កើនផលបាន។ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៤ទៅ៥ឆ្នាំទើបបានផល ។ លោកអភិបាលរងបានជំរុញឱ្យក្រុមការងារពន្លឿននៃការសាងសង ដើម្បីឲ្យគម្រោងឆាប់បានដំណើរការខ្សែសង្វាក់នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្មកម្ពុជា៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប