អាជ្ញាធរខេត្តឧត្តរមានជ័យបានត្រៀមទឹកទុកជាស្រេច តាមប្រព័ន្ធធារាសាស្ត្រតូចធំសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំកសិកម្ម

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ បានត្រៀមទឹកទុកជាស្រេចតាមប្រព័ន្ធធារាសាស្ត្រតូចធំ ដើម្បីបំរើដល់វិស័យកសិកម្ម នឹងសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំ ថ្ងៃ របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងខេត្តឧត្តរមានជ័យនេះ មាន ការប្រែប្រួលដោយកម្ដៅ និងមានភ្លៀងធ្លាក់ច្រើនតាមផ្នែកមួយចំនួន ប៉ុន្តែតាមបណ្តាអាងស្តុបប្រភពទឹកធម្មជាតិតូចធំ មានទឹកគ្រប់គ្រាន់ ដើម្បីរក្សាទុកក្នុងការប្រើប្រាស់ សម្រាបស្រោចស្រពដំណាំកសិកម្មផ្សេងៗ ។ លោកបានបន្តថា សំណង់ធារាសាស្ត្រ គឺជាប្រយោជន៍ក្នុងការខ្ចប់ទឹករក្សាទុក សម្រាប់បម្រើដល់វិស័យកសិកម្ម និងដើម្បីពង្រឹងខ្នងទំនប់ឱ្យបានរឹងមាំ សម្រាប់សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំង និងរដូវវស្សាឆ្នាំ២០២២នេះ ក្នុងខេត្តកសិករអាចធ្វើបានតែមួយដងប៉ុណ្ណោះ បើទោះបីជាមានប្រភពទឹកគ្រប់គ្រាន់យ៉ាងណាក្តី មិនអាចធ្វើស្រូវ ប្រាំងលើកទី២ បាននោះទេ ព្រោះអាជ្ញាធរត្រូវរក្សាទឹកទុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើកសិកម្មដាំដំណាំរួមផ្សំផ្សេងៗទៀត។

សំឡេង៖ «អាងទឹកចំនួនជាង ៨០កន្លែង ទឹករបស់យើងពេញហើយ យើងត្រៀម នឹងបញ្ចេញឱ្យប្រជាពលរដ្ឋយើងប្រាស់ប្រើនៅពេលពួកគាត់ត្រូវការ យុទ្ធសាស្ត្រ យើងរក្សានូវប្រភពទឹក សម្រាប់ការផ្គត់ផ្គង់និងស្រោចស្រពផ្គត់ផ្គង់ជាទឹកស្អាតនិងប្រើប្រាស់ប្រចាំងថ្ងៃ អាងទឹករបស់យើងសព្វថ្ងៃ ភ្លៀងឆ្នាំនេះ ធ្លាក់ច្រើនជាងឆ្នាំមុនៗ អញ្ចឹងអាង ទឹករបស់យើង បានពេញអស់ហើយ។ ប្រជាជនក៏បានចាប់ផ្តើមការងារបង្កបង្កើនផលដែរ។ ក្នុងនោះអាងទឹករបស់យើង ផ្គត់ផ្គង់តែស្រោចស្រព ក្នុងខេត្តឧត្តរមានជ័យ យើងក៏បានបើកផ្រល់ជូន ទៅដល់ខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបបន្ថែមទៀត ទៅលើការងារដាំដុះដំណាំស្រូវ មួយផ្នែកទៀត បញ្ជូនទឹកទៅតាមដងស្ទឹង ដើម្បីឲ្យខាងវិស័យ ឯកជនផលិតជាទឹកស្អាត សម្រាប់ផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋសម្រាប់ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ក្នុងខេត្តឧត្តរមានជ័យ មានអំណោយផលច្រើនសម្បូរដោយជួរភ្នំ បឹងធម្មជាតិធំៗនិងមានប្រព័ន្ធធារាសាស្ត្រតូចធំ ចំនួន៨១ទីតាំង ក្នុងនោះប្រព័ន្ធធារាសាស្ត្រខ្នាតធំចំនួន ៣កន្លែង ខ្នាតមធ្យមចំនួន២១កន្លែងនិងខ្នាតតូចចំនួន៥៧កន្លែង ហើយប្រភពទឹកទាំងអស់នេះ មានសក្តានុពលអាចជួយស្រោចស្រពដំណាំរបស់ពលរដ្ឋ បានទាំងប្រាំងនិងវស្សាសរុបប្រមាណជាង២៧ ៨២១ហិកតា ហើយបន្តជួយដល់ខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យផងដែរ៕ដោយ:ចាន់ ធី