បើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែនៅសង្កាត់គយត្របែក ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២២ នេះឯកឧត្តមជុក មុន្នី អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅសង្កាត់គយត្របែកសូមទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ដើម្បីនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត។
ឯកឧត្តមបន្តថា ការបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែនេះមានប្រវែងជាង៥០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានការចូលរួមពីលោកនួន លីហួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់គយត្របែក ប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ទៀតផងដែរ។
ឯកឧត្តម ជុក មុន្នី បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ជាពិសេសបានផ្តួចផ្តើម និងឲ្យលោកប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែក ធ្វើការស្ថាបនាផ្លូវចាក់ចាក់បេតុងមួយខ្សែប្រវែងជាង៥០០ម៉ែត្រ ហើយត្រូវបានបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ។
ឯកឧត្តមបញ្ជាក់ថា សមិទ្ធផលផ្លូវមួយខ្សែនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់គយត្របែកនិងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀងដែលលោកស្រីតែងតែយកចិត្តទុកដាក់គិតគូរជាមួយសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។
ចំពោះផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដឹកកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ វាថែមទាំងចំណេញទាំងពេលវេលា និងថវិកាថែមទៀតផង ដូច្នេះសូមមេត្តាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំស្ថាបនាឡើង៕គឹមសេង