ស្ថាប័នអយ្យការខេត្តព្រះវិហារ បញ្ជាសមត្ថកិច្ចចម្រុះខេត្ត ប្រើកណ្តាប់ដៃដែក បើកការបង្ក្រាបទៅលើសកម្មភាពរបស់ក្រុមឈ្មួញ ដឹកជញ្ជូនឈើល្មើសច្បាប់ ដោយគ្មានការយោគយល់ និងលើកលែងជាដាច់ខាត

0

ខេត្តព្រះវិហារ៖ ព្រះរាជអាជ្ញារងខេត្ត និងជាមន្ត្រីនាំពាក្យអយ្យការអមសាលាដំបូង ខេត្តព្រះវិហារ លោក វុធ សាវី កាលពីថ្ងៃទី៣១ឧសភា ម្សិលមិញ បានសរសេរក្នុងប្រព័ន្ធតេឡេក្រាម ដោយបញ្ជាឲ្យមន្ទីរបរិស្ថានខេត្ត ,នាយខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្មខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមសហការគ្នាជាមួយ អ្នកសារព័ត៌មានក្នុងខេត្តព្រះវិហារ តាមឃ្លាំមើល និងបង្ក្រាបទៅលើសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ របស់ឈ្មួញមួយក្រុម ចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ និងខេត្តនានាទៀត មិនចំពោះពេលយប់ ឬពេលថ្ងៃនោះទេ ត្រូវតែបង្ក្រាបឲ្យខាងតែបាន។

លោក វុធ សាវី បានបញ្ជាក់ ពីឈ្មោះក្រុមឈ្មួញដែលត្រូវបង្ក្រាប គឺ មានរថយន្តដឹកឈើរបស់ ឈ្មួញ តុលា , ឈ្មួញ បូណា ,រថយន្តដឹកឈើប្រភេទ NISSAN ពណ៌ក្រហម ២គ្រឿង និងរថយន្ត TACOMA ពណ៌ទឹកប្រាក់ ដែលលោកកំពុងស៊ើបរកឈ្មោះឈ្មួញ ហើយលោកក៏បានចាត់ទុកក្រុមឈ្មួញដឹកជញ្ជូនឈើទាំងនោះ គឺជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងខេត្តព្រះវិហារ ដែលដាច់ខាតត្រូវតែបង្ក្រាបឲ្យខាងតែបាន ដើម្បីរក្សាធនធានព្រៃឈើ ដែលនៅសេសសល់ចុងក្រោយនេះ ឲ្យស្ថិតនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ផ្នែករដ្ឋបាលព្រៃឈើរវៀង នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក្រោយទទួលបានបទបញ្ជារបស់ លោក វុធ សាវី បានបើកការពួនស្ទាក់ ចាំឃ្លាំមើលគ្រប់សកម្មភាពរបស់ក្រុមឈ្មួញ ដែលតែងធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ ជាប្រចាំ។

មន្ត្រីផ្នែកព្រៃឈើរវៀង បានអះអាងថា នៅម៉ោងប្រមាណ ១២ និង៣២នាទីថ្ងៃត្រង់ ថ្ងៃទី១មិថុនាឆ្នាំ២០២២ កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀង បានចុះទៅដល់ ភូមិកោះកំពង់លួង ឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ហើយបានជួបរថយន្តដឹកឈើ ១គ្រឿង ដែលសមត្ថកិច្ចណាក៏ស្គាល់ដែរថា ជារថយន្តរបស់មេឈ្មួញឈ្មោះ ព្រំ ធី ហៅ ធី ពុករលួយ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើ ហើយសមត្ថកិច្ចព្រៃឈើបានបញ្ជាឲ្យឈប់ តែអ្នកបើកបរថយន្តដឹកឈើនោះ បានបន្ថែមល្បឿនទៅមុខ ហើយសមត្ថកិច្ចបានប្រដេញស្ទាក់ចាប់បាន ដែលសកម្មភាពបង្ក្រាបរថយន្តមេឈ្មួញជើងខ្លាំងរូបនោះ អាចប្រឈមនឹងភាពគ្រោះថ្នាក់ ផងដែរ។

មន្ត្រីតូចតាច និងពលរដ្ឋនៅក្នុងមូលដ្ឋាននោះ បាននិយាយថា មេឈ្មួញឈើ ព្រំ ធី ហៅ ធី ពុករលួយនេះ គឺជាមេឈ្មួញជើងខ្លាំងម្នាក់ បានប្រព្រឹត្តសកម្មភាពដឹកជញ្ជូនឈើឆ្លងខេត្ត ពីខេត្តព្រះវិហារ ទៅខេត្តកំង់ធំ មានរយៈពេលមិនតិចជាង ១០ឆ្នាំ នោះទេ ហើយក៏គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះដែរ ព្រោះគាត់បានអួតប្រាប់គេថា គាត់មានកូនធ្វើការនៅអង្គភាពប្រឆាំងនឹងអំពើពុករលួយ ដូច្នេះហើយ ទើបគេនាំគ្នាហៅ លោកព្រំ ធី ថា ធី ពុករលួយ។ ប៉ុន្តែ ការបង្ក្រាបរថយន្តដឹកឈើរបស់ លោក ធី ពុករលួយនៅពេលនេះ គេក៏នៅរង់ចាំមើលថាតើ ការចាប់នោះបានប៉ុន្មានថ្ងៃ និងមានកិច្ចអន្តរាគមន៍ដោះលែងវិញ នៅពេលណា? នរណានៅពីក្រោយខ្នង នៃការប្រព្រឹត្តបទល្មើសព្រៃឈើនោះ?។

នៅក្នុងការអនុវត្តតាមការបញ្ជារបស់ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ សមត្ថកិច្ចព្រៃឈើរវៀង ចាប់បានរថយន្តដឹកឈើរបស់ មេឈ្មួញ ព្រំ ធី ហៅ ធី ពុករលួយហើយ។ ប៉ុន្តែ នៅមានរថយន្តរបស់មេឈ្មួញ តុលា ,មេឈ្មួញ បូណា ,មេឈ្មួញ ខ្លា ,មេឈ្មួញ បញ្ញា និងមេឈ្មួញមួយចំនួនទៀត នៅមិនទាន់បានបង្ក្រាបនៅឡើយ។

គេនៅរង់ចាំមើលថាតើ ការចេញបញ្ជារបស់ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ នៅចូលជាធរមានដដែលដែរទេ ចំពោះការបន្តសកម្មភាពបង្ក្រាបបទល្មើសព្រៃឈើ របស់កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ?។ រីឯការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់នោះ ក៏តម្រូវឲ្យមន្ទីរជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើខេត្ត ផងដែរ ជៀសវាងរងការចោទថា អស់លោកជាកន្ទេលធំ បន្លំដេក៕ដោយ៖ឡុង សំបូរ