ភ្លៀងមួយមេធំ ផ្គរនិងន្ទះ បានបាញ់សម្លាប់សត្វគោ ៨ក្បាល នៅខេត្តស្ទឹងត្រែង !

ស្ទឹងត្រែង÷សត្វគោ ៨ក្បាល បានរងការបាញ់សម្លាប់ដោយរន្ទះ នៅក្រោមដើមឈើមួយដើម គ្រាមេឃកំពុងភ្លៀងខ្លាំង ស្ថិតនៅក្នុង ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង

កាលពីម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី៣មិថុនាម្សិលមិញ។

អ្នកភូមិបាននិយាយថា សត្វគោទាំងនោះត្រូវបានម្ចាស់លែងឲ្យស៊ីស្មៅ ទៅតាមទម្លាប់របស់អ្នកស្រុក ដោយពុំដែលបានចងដាក់ក្នុងក្រោលត្រឹមត្រូវនោះទេ។

អ្នកស្រុកនោះបន្តថា នៅពេលមេឃធ្លាក់ភ្លៀង និងផ្គរ ហ្វូងសត្វគោទាំងនោះ បានរត់ទៅជ្រកក្រោមដើមឈើ ហើយក៏ត្រូវរន្ទះបាញ់ស្លាប់ ដេក គ ជើងលើគ្នានៅក្មុងគ្រានោះ។

អ្នកស្រុកបានបន្តទៀតថា នៅពេលមេឃកំពុងភ្លៀងខ្លាំង ពេលនោះមានរន្ទះបាញ់ផ្ទួនៗគ្នាពីរដងក្មុងពេល និងកន្លែងតែមួយ ដែលជាទីដែលសត្វគោកំពុងផ្តុំគ្នាជ្រកក្រោមម្លប់ដើមឈើ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមឃួយ បានឲ្យដឹងដឹងថា ក្នុងចំណោមសត្វគោដែលត្រូវរន្ទះបាញ់ស្លាប់នោះ ក្នុងនោះមានសត្វគោរបស់ លោកមេភូមិ ៧ក្បាល និងគោអ្នកភូមិជាមួយគ្នា ១ក្បាល ផងដែរ។

ក្រោយមេឃលែងភ្លៀង សត្វគោទាំង ៨ក្បាលនោះ ត្រូវបានម្ចាស់ដឹកយកទីលក់ទៅឲ្យឈ្មួញ ដើម្បីលក់សាច់។

អាជ្ញាធរមានសមត្ថកិច្ចក្មុវមូលដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតគ្រោះធម្មជាតិ ព្រោះរដូវនេះជារដូវភ្លៀង មានផ្គរ និងរន្ទះ ដែលបានកើតឡើងជាយថាហេតុ។

ទន្ទឹមនេះ បងប្អូនប្រជាពលរដ្ឋ ក៏គួរតែផ្លាស់ប្តូរទម្លាប់ចាស់ ដែលលែងសត្វគោ ក្របីពាសវាលវាសកាល ហើយងាកមកចាប់យកទម្លាប់ថ្មី ដោយមើលថែទាំសត្វគោ ក្របី តាមរយ:ការឃ្វាល ឬចងឲ្យស៉ីស្មៅឲ្យបាត្រឹមត្រូវ ដើម្បីកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕