អភិបាលក្រុងដូនកែវ ណែនាំសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមេីលជាបន្ទាន់ ករណីបុគ្គលណា ប្រេីប្រាស់ ឬលក់ បារីអេឡិចត្រូនិក (E-Cigarette/ Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products)

តាកែវ ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង នារសៀល ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដើម្បីណែនាំ និងចាត់វិធានការបន្ទាប់ ជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគណៈគ្រប់គ្រងសាលាទាំងអស់នៅទូទាំងក្រុងដូនកែវ លើបញ្ហា បារីអេឡិចត្រូនិច (e-cigarette/Vape) ករណីរកឃេីញមានការប្រេីប្រាស់ និងលក់ដូរ នៅក្នុងក្រុង ពិសេសនៅតាមរង្គសាល មណ្ឌលកំសាន្ត ភោជនីយដ្ឋាន តំបន់ទេសចរណ៍ សាសារៀនទាំងរដ្ឋ និងឯកជន។

លោកអភិបាលក្រុងបានលើកឡើងថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុជននិងកីឡា ក្នុងការទប់ស្កាត់ការផ្សព្វផ្សាយអូសទាញយុវវ័យ ឱ្យប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/ Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពដូចជា បង្កជំងឺមហារីក បង្កើនហានិភ័យជំងឺបេះដូង ជំងឺសួត ធ្វើឱ្យខួរក្បាលមានដំណើរការមិន ប្រក្រតីក្នុងអំឡុងពេលប្រើប្រាស់ និងប៉ះពាល់យូរអង្វែងដល់ការលូតលាស់ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំងបង្កអន្តរាយដល់រាងកាយ។ ដូចនេះក្រសួង បានណែនាំដល់អង្គភាពចំណុះក្រសួងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត ដូចខាងក្រោម៖
១/សូមធ្វើការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ដល់បុគ្គលិកអប់រំ និងអ្នកសិក្សា។
២/សូមហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់រូបភាពអំពីបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPs-Heated Tobacco Products) ខាងក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា។
៣/សូមសហការជាមួយមាតាបិតា អ្នកអាណាព្យាបាល បុគ្គលិកអប់រំ និងអ្នកសិក្សា ក្នុងការកំណត់មុខសញ្ញទីតាំងចែកចាយ និងជួញដូរបារីអេឡិចត្រូនិក (E-Cigarette/Vape) និងផលិតផល អេចន៍ ធី ភី (HTPSHeatedTobaiccoProducts)ដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

លោកអភិបាលក្រុងដូនកែវ បានបន្តថា សូមលោកគ្រូ អ្នកគ្រូគ្រប់សាលាទាំងអស់ នៅក្នុងក្រុងដូនកែវ រួមនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវកំណត់មុខសញ្ញាអ្នកប្រើប្រាស់ និងអ្នកជួញដូរប្រភេទបារីអេឡិចត្រូនិច (e-cigarette/Vape) ពិសេសនៅតាមសាលារៀនផ្សេង។ ទន្ទឹមនឹងនេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវដក់ហូតសម្ភារ កោះហៅមកណែនាំ និងធ្វើកិច្ចសន្យា ចំពោះអ្នកជួញដូរ ឫប្រើប្រាស់បារីអេឡិចត្រូនិច (e-cigarette/Vape)នេះ និងបន្តស្វែងរកមុខសញ្ញាពាក់ព័ន្ធជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាឯកភាព រដ្ឋបាលក្រុង បានណែនាំដល់ លោកនាយក លោកស្រីនាយកា គ្រប់សាលារៀនក្នុងទូទាំងក្រុងដូនកែវ សូមបន្តពង្រឹងអនុវត្តផែនការសម្អាតបរិស្ថាន ក្នុង១សប្តាហ៍ អោយបាន១ដង ដើម្បីបរិស្ថានជុំវិញសាលារបស់យើងស្អាត គ្មានសំរាម ព្រមទាំងបំផុសគំនិតដល់សិស្សានុសិស្សទាំងអស់អោយចេះគិតគូរ លើបញ្ហាបរិស្ថាននេះផងដែរ៕