អភិបាលខេត្តកំពង់ចាម អំពាវនាវ សូមឲ្យមានការចូលរួមទាំងអស់គ្នាដេីម្បីការពារសហគមន៍យេីងពីការបំពានដោយគ្រឿងញៀនខុសច្បាប់

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ សូមឲ្យមានការចូលរួមទាំងអស់គ្នា ដេីម្បីការពារសហគមន៍យេីងពីការបំពានដោយគ្រឿងញៀនខុសច្បាប់ ដេីម្បី ធានាបាននូវភាពសុខសាន្តសម្រាប់សហគមន៍យើង ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ព្រោះថា បច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន វាកំពុងតែបំផ្លាញអនាគតរបស់កូនចៅយើង ដូចនេះ យើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់តាមរយៈការរាយការណ៍ជាសម្ងាត់ ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ដោះស្រាយ បញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្ស ធម៍ “ ដែល បាន ធ្វើឡើង នាព្រឹក ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ នៅ ស្រុកបាធាយ ។

ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការណ៍ សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រងឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬក៍ចាត់វិធានការណ៍បង្ក្រាបឲ្យ ខាងតបានតាមដីការបស់តុលាការ។ សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួម ឲ្យ បានសកម្មជាមួយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសចលនាប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនេះឲ្យបានច្រើន ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ ។
ឯកឧត្តមអភិបាលខេត្ត បាន សង្កត់ ធ្ងន់ថា សម្រាប់រូបខ្ញុំ ខ្ញុំនឹងមិនមានការយោគយល់ និងលើកលែងជាដាច់ខាតចំពោះករណីល្មើស មួយនេះ ផ្ទុយទៅវិញខ្ញុំនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះបុគ្គលដែលមានសមត្ថកិច្ចណាលូកដៃចូលអន្តរាគមន៍ ក្នុងបទល្មើសគ្រឿងញៀននេះ ។

ជាមួយគ្នា នោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ ចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ហើយ ត្រូវ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ផងដែរ ៕