នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសុខភាពពិភពលោក (WHO) បានកោតសរសើរចំពោះភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩​ នៅខេត្តកំពង់ចាម​

កំពង់ចាម​:​ ឯកឧត្តម បណ្ឌិត Takeshi kasai​ នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសុខភាពពិភពលោក (WHO) បានសម្ដែងនូវការ​អបអរសាទរ​ និង​​កោតសសើរ​ចំពោះ​ភាព​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រ​ង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​កូវីដ​-១៩​ ដេីម្បី​សង្គ្រោះ​អាយុជីវិត​របស់​​ប្រជាពលរដ្ឋ​ ពីសំណាក់​ថ្នាក់​ដឹកនាំ​ខេត្តកំពង់ចាម​ ក៏ដូចជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ផង​ដែរ​ ។ ការ​លេីក​ឡើង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចជំនួប​ពិភាក្សា​​ជាមួយ​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ដើម្បីស្វែងយល់អំពីវឌ្ឍនភាពក្នុងវិស័យសុខាភិបាល ជាពិសេសលើកម្មវិធីចាក់វ៉ាក់សាំងកូវីដ​-១៩​​ នារសៀល​ថ្ងៃទី​២​ ខែកក្កដា​​ ឆ្នាំ​២០២២ ។

 

ក្នុងជំនួបនេះដែរ​ ឯកឧត្តម​បណ្ឌិត​ Takeshi kasai បាន​សម្តែង​នូវការ​កោត​ស្ញប់ស្ញែង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​សុខាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្តកំពង់ចាម​ផងដែរ​ ​​ដែល​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​យុទ្ធនាការ​ចាក់​​វ៉ាក់សាំង​ ​គ្របដណ្ដប់​កម្រិត​ខ្ពស់​​លើ​ប្រជាពលរដ្ឋ​ ​។ ហើយ​ឯកឧត្ដម​​ក៏​បាន​សម្ដែងនូវ​ការ​សោកស្ដាយ​ផងដែរចំពោះ​សមាជិក​​គ្រួសារ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ក្នុង​ខេត្តកំពង់ចាម​ ទាំង​៣៤២នាក់​។​

ឯកឧត្តម​ ​Takeshi kasai​ បាន​បន្ត​ថា​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​កូវីដ​១៩គ្រប់ៗគ្នា​ ។​ ព្រមទាំង​បាន​កោតសសើរ​ចំពោះ​ការ​រៀប​យុទ្ធសាស្ត្រ​របស់​ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ដែល​បានរៀបចំ​ផែនការ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​មាន​ការ​រវល់​ការងារ​ស្រែ​ចម្ការ​ បាន​ទទួល​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូវីដ​១៩​ ទាំងដូស​មូលដ្ឋាន​ និង​ដូស​ជម្រុញ​ឲ្យ​គ្រប់ៗគ្នា​ ។

 

ជាមួយគ្នា​នោះ​ ឯកឧត្តម​ Takeshi kasai​ បាន​សម្ដែង​នូវការ​អបអរសាទរ​ ចំពោះ​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម​ ដែល​ទទួល​បាន​ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែន​ សម្រាប់​បម្រើ​ឲ្យ​ការ​ព្យាបាល​ជំងឺ​ទូទៅ​ ជា​អំណោយ​របស់​ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក​ និង​លោក​ជំទាវ​ ដែលអាចផលិត​ខ្យល់​អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់​ ផងដែរ​ ៕​